សម្តេចធិបតី​​នឹង​សម្ភោធ​​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ១០​នា​ដើម​ខែ​តុលា​ខាង​មុខ​នេះ​

ចែករំលែក

ដោយៈ ជំនាញ

   ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ១០ នាថ្ងៃទី១ តុលាខាងមុខនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ គណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង)។

កិច្ចប្រជុំនេះដឹកនាំដោយលោកម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ តំណាង លោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ ។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យបន្ថែមទៅលើវឌ្ឍនភាពការងារ នៃការរៀបចំ របស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនការងារពាក់ព័ន្ធឱ្យបានរួចរាល់ សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការ រៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង) ប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១ ខែតុលាឆ្នាំ២០២៦ ខាងមុខនេះ៕


ចែករំលែក