រដ្ឋមន្រ្តី​បី​រូប​ចូលរួម​ផ្សព្វ​ផ្សាយ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ ​”ភូមិ​ហ្វ្រង់​កូហ្វូ​នី​”

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ និងលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំ ព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនី។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក​ជំទាវ ឧកញ៉ា ស្រ៊ៀត មុំសុភា អនុសហប្រធានក្រុមការងារផ្នែកឯកជន “ក្រុមខ”  “ផ្នែកទេសចរណ៍” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា រួមនឹងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍នេះ។

លោកជំទាវ អ៊ាត សោភា​ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រិតបត្តិការអន្តរជាតិ ក៏មានវត្តមានក្នុងសិក្ខាសាលានេះផងដែរ។

សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថាន សមាគម និងក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការធ្វើជាម្ចាស់ផ្ទះនៃ “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦” និងព្រឹត្តការណ៍អម  “ភូមិហ្វ្រង់កូហ្វូនី”។

ការរៀបចំព្រឹត្តិការណ៍ “ភូមិហ្វ្រង់កូហ្វូនី” (Village de la Francophonie) នឹងត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ។ នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗមួយ ចំនួនរួមមាន៖ ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF)ទី២៖ ទីតាំងសម្ដែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្ដែងពីប្រទេសជាសមាជិកអង្គការហ្វ្រង់កូហ្វូនី។

ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិក អង្គការហ្វ្រង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ។ ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់ ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្វ្រង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំង បង្ហាញម្ហូបអាហារ ខ្មែរ និងម្ហូបអាហារនៃបណ្ដាប្រទេសហ្វ្រង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត៕


ចែករំលែក