ដោយៈ ចំណាន
ភ្នំពេញៈ ប្រសិនបើអ្នកមានលំហូរប្រាក់ដ៏រឹងមាំ និងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា អ្នកជំនាញប្រាប់ឲ្យលោក អ្នកគួរពិចារណាលើចំណូល (ពីការជួល) បូករួមនឹងការកើនឡើងនៃតម្លៃដីធ្លីក្នុងរយៈពេលវែង ជាជាងការទិញអចលនទ្រព្យ ដោយសារតែវាមានតម្លៃថោក។
ផ្អែកលើព័ត៌មានទីផ្សារបច្ចុប្បន្ន ខាងក្រោមនេះគឺជាប្រភេទសំខាន់ៗដែលគួរស្វែងយល់៖ ផ្ទះអាជីវកម្ម ឬអចលនទ្រព្យពាណិជ្ជកម្មខ្នាតតូចដែលបង្កើតចំណូល។ ស្វែងរកតំបន់ដែលមានសហគមន៍រស់នៅ និងមានអាជីវកម្មដំណើរការស្រាប់។ គោលដៅគឺទទួលបានចំណូលពីការជួលហាង ឬការិយាល័យ បូករួមនឹងសក្តានុពលនៃការកើនឡើងតម្លៃដី។
អ្នកជំនាញបានព្រមានឲ្យមានការ ប្រុងប្រយ័ត្នជាពិសេសចំពោះបញ្ហាគ្មានអ្នកជួល (vacancy) និងតម្លៃជួលជាក់ស្តែងដែលអាចទទួលបាន។
អចលនទ្រព្យលំនៅដ្ឋានខ្នាតតូច សម្រាប់ទីផ្សារអ្នកមានចំណូលមធ្យម គឺលំនៅដ្ឋានដែលមានតម្លៃសមរម្យ ឬកម្រិតមធ្យម នៅតែជាផ្នែកដ៏សំខាន់នៃតម្រូវការក្នុងទីក្រុងភ្នំពេញ។
ក្រុមហ៊ុន Knight Frank រាយការណ៍ថា ផ្នែកលំនៅដ្ឋានកម្រិតមធ្យមមានចំនួនប្រហែល៦០% នៃការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានស្រាប់ (ប្រភេទផ្ទះជាប់ដី) នៅឆមាសទី២ ឆ្នាំ ២០២៥។ ជំនួសឱ្យការទិញវីឡាប្រណីតៗ សូមពិចារណាលើអចលនទ្រព្យ ដែលគ្រួសារកម្ពុជាទូទៅអាចមានលទ្ធភាពជួល ឬទិញបាន។
ដីដែលមានទីតាំងយុទ្ធសាស្ត្រ សម្រាប់រយៈពេល៥ ទៅ ១០ ឆ្នាំ ឬលើសនេះ។ ប្រសិនបើលំហូរប្រាក់របស់អ្នកអនុញ្ញាត ឱ្យអ្នករក្សាទុកដី បានដោយមិនចាំបាច់ខ្ចីប្រាក់ច្រើនពេក ការវិនិយោគលើដីអាចផ្តល់ឱកាសទទួលបានផលចំណេញពីការពង្រីកទីក្រុង។

ទិន្នន័យតម្លៃដែលដាក់លក់ នាពេលបច្ចុប្បន្នបង្ហាញថា តម្លៃដីនៅតំបន់ដូចជា កំបូល ដង្កោ និងព្រែកព្នៅ មានកម្រិតទាបជាងតំបន់កណ្តាលរាជធានីភ្នំពេញយ៉ាងខ្លាំង។
ចំណុចសំខាន់មិនមែនគ្រាន់តែទិញដីថោកនោះទេ ប៉ុន្តែដីនោះគួរតែមានផ្លូវធ្វើដំណើរល្អ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ មានសក្តានុពលអភិវឌ្ឍន៍ និងមានកត្តាជំរុញតម្រូវការជាក់ស្តែងនាពេលអនាគត។
តំបន់ក្រុងតាខ្មៅ ឬតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ តំបន់នេះគួរឱ្យចាប់អារម្មណ៍ ជាពិសេសសម្រាប់ការសិក្សាស្វែងយល់ ដោយសារមានគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ។
របាយការណ៍បច្ចុប្បន្នបានកំណត់យកក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកៀនស្វាយ ជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ នៅជុំវិញព្រលានយន្តហោះ ខណៈពេលដែលមានការពិភាក្សា អំពីការអភិវឌ្ឍផ្នែកដឹកជញ្ជូន (logistics) ពាណិជ្ជកម្ម និងលំនៅដ្ឋានផងដែរ។
អ្នកជំនាញប្រាប់ឲ្យលោក អ្នកផ្តោតលើដីដែលនៅជិតបណ្តាញដឹកជញ្ជូនដែលមានស្រាប់ ឬមានគម្រោងសាងសង់ ជាជាងទិញដីនៅឆ្ងាយដោយសារតែតម្លៃថោក៕








