ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមការងារគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល និងតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវគម្រោង ចាប់ពីផ្លូវជាតិលេខ៥៣(ទឹកផុស) ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤(ក្រុងច្បារមន)ដល់កោះខ្សាច់ទន្លា ប្រវែងសរុប ១៦៨,២០គីឡូម៉ែត្រ។
លោកនូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង តំណាង លោកយិត បុណ្ណា រដ្ឋលេខាធិការ និងជានាយកគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល(Central Regional Road Connectivity Project) បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវ ក្នុងគម្រោង ដោយមានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីលោកស្រី Jaishree Jindel តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។
បេសកកម្មនេះ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពខ្សែផ្លូវដែលមានស្រាប់ និងជាពិសេសតម្រាយផ្លូវថ្មី ដែលក្រុមការងារបច្ចេកទេសបានសិក្សា និងស្នើឡើងក្នុងការពង្វាងទីប្រជុំជន និងតភ្ជាប់ទៅផ្លូវដែលមានស្រាប់ ដែលជាជំហានដ៏ចាំបាច់ ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោង ឱ្យស្របនឹងយុទ្ធសាស្រ្តការអភិវឌ្ឍតំបន់ ការលើកកម្ពស់សេដ្ឋកិច្ច-សង្គម និងប្រសិទ្ធភាពនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព៕








