ដោយៈ ម៉ាណា
ភ្នំពេញៈ មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អង្គការហ្វ្រង់កូហ្វូនី (OIF) មិនមែនត្រឹមតែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែហ្វ្រង់កូហ្វូនី ក៏ជាវប្បធម៌ដ៏រស់រវើក ជាលំហនៃការផ្លាស់ប្តូរ ការធ្វើពាណិជ្ជកម្ម និងនវានុវត្តន៍។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ “ភូមិហ្វ្រង់កូហ្វូនី” ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតីទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា“អង្គការហ្វ្រង់កូហ្វូនី ប្រកាន់ខ្ជាប់នូវគុណតម្លៃរួមគ្នាគឺ សន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព លើសពីនេះយើងខ្ញុំបានគិតគូរជាពិសេសផងដែរ ដល់យុវជនរបស់យើង”។ សម្តេចបន្តថា“អង្គការហ្វ្រង់កូហ្វូនីនាពេលអនាគត គឺជាបណ្ដុំនៃយុវជនរបស់យើង ហើយយុវជននឹងជាអ្នកបន្តសិក្សាដកបទពិសោធន៍ ជាអ្នកបន្ត បង្កើត បន្តច្នៃប្រឌិតភូមិនេះ ហើយភូមិហ្វ្រង់កូហ្វូនីដែលបានរៀបចំ នាពេលនេះ ក៏ជាការរៀបចំសម្រាប់យុវជនផងដែរ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដូចគ្នានឹងទន្លេរបស់យើង វប្បធម៌របស់យើងបានមកជួបគ្នានៅទីនេះ។ វប្បធម៌នីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណផ្ទាល់ខ្លួន ប៉ុន្តែបានមកជួបជុំគ្នា ក្រោមបំណងប្រាថ្នារួមតែមួយគឺ សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងវឌ្ឍនភាពរួម។
អង្គការហ្រ្វង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់) លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី) លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ )។
អង្គការOIF មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋអង្កេតការណ៍ ២៦ប្រទេស។

ប្រទេសកម្ពុជាបានក្លាយជាសមាជិក ក្នុងនាមជារដ្ឋអង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ ក្នុងសង្កាត់Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។
អង្គការOIF មានបេសកកម្មចម្បងៗដូចជា៖ ទី១ លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។ ទី២ លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទី៣ គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ ទី៤ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ ដោយឡែកការប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើង ជារៀងរាល់២ឆ្នាំម្ដង៕







