ដោយៈ ចំណាន
ភ្នំពេញៈ កាលពីយប់មិញ បេះដូងនៃរាជធានីភ្នំពេញបានប្រែជាមានភាពអធិកអធម និងពោរពេញដោយជីវិតជីវានៅឯវត្តភ្នំ ដែលជាទីតាំងដ៏ល្បីល្បាញ ខណៈដែលយើងបានបើកព្រឹត្តិការណ៍សន្និសីទសកល GX Summit 2026 ជាផ្លូវការ។
លោកជំំទាវឆាយ ស៊ីវលីនប្រធានសមាគទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចូលរួមជាមួយលោកឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
លោកជំទាវបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា ក្នុងនាមជាសហអ្នករៀបចំកម្មវិធីរួមគ្នា ជាមួយក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុន G Adventures សមាគម CATA មានមោទនភាពយ៉ាងខ្លាំង ក្នុងការស្វាគមន៍ភ្នាក់ងារទេសចរណ៍អន្តរជាតិ អ្នកសារព័ត៌មានមកពីជុំវិញពិភពលោក និងបុគ្គលឆ្នើមៗ ដែលបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងវិស័យនេះ មកកាន់ “ព្រះរាជាណាចក្រអច្ឆរិយៈ”។
កម្មវិធីតាំងពិព័រណ៍សហគមន៍ “ពិធីបុណ្យវត្តភ្នំ” (Temple Fair) បានបង្កើតបរិយាកាសដ៏គួរឱ្យចងចាំមួយ ដែលពោរពេញទៅដោយការសម្តែងសិល្បៈប្រពៃណីខ្មែរ ដ៏រស់រវើក ម្ហូបអាហារក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ ការបង្ហាញពីសកម្មភាពសហគមន៍ និងស្មារតីនៃសាមគ្គីភាពដ៏អស្ចារ្យ។
ក្នុងសុន្ទរកថាស្វាគមន៍ដ៏កក់ក្តៅពីលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានលើកឡើងពីកម្ពុជាថា “ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព កក់ក្តៅ និងមានស្តង់ដារកម្រិតពិភពលោក”។
សុន្ទរកថាដ៏មានអត្ថន័យ និងបំផុសគំនិតពីលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures អំពីអំណាចនៃទេសចរណ៍សហគមន៍ និងការប្រើប្រាស់ការធ្វើដំណើរ ជាកម្លាំងចលករសម្រាប់ផលប្រយោជន៍សង្គម។
ការអបអរសាទរដល់សិប្បករក្នុងស្រុក និងសហគ្រាសសង្គម ដែលឆ្លុះបញ្ចាំងពីទឹកចិត្តដ៏ស្មោះស្ម័គ្រ នៃបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។
លោកជំទាវឆាយ ស៊ីវុំលីនបានបន្តថា “នេះគ្រាន់តែជាការចាប់ផ្តើមនៃសប្តាហ៍ដ៏អស្ចារ្យមួយ សម្រាប់ការស្វែងយល់ពីទេសចរណ៍ ដែលដឹកនាំ ដោយសហគមន៍នៅទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប”។ លោកជំទាវបន្ថែមថា “យើងរួមគ្នាបង្ហាញពិភពលោកថា ប្រទេសកម្ពុជា ផ្តល់ជូននូវបទពិសោធន៍ដ៏សម្បូរបែប ដែលលើសពីការទស្សនាប្រាសាទបុរាណតែប៉ុណ្ណោះ”៕







