ដោយៈ គង់ សូរិយា
ភ្នំពេញៈ កំណើនប្រជាជននៅរាជធានីភ្នំពេញ នឹងកើនដល់៣លាននាក់នៅរាជធានីភ្នំពេញ ដោយមិនទាន់រាប់បញ្ចូលចំនួនប្រជាជនមកពីបណ្តាបណ្តាខេត្តនានាចេញ ចូលប្រកបអាជីវកម្មប្រចាំថ្ងៃ។
ការសិក្សាមួយបានរកឃើញថា ការរីកចម្រើនសេដ្ឋកិច្ច នគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងផែនការថ្មីៗបន្ថែមទៀត នឹងធ្វើឲ្យរាជធានីភ្នំពេញ មានសក្តានុពលអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប៉ុន្តែ តំបន់ដែលមានឱកាស និងមានសក្តានុពលរីកចម្រើនខ្ពស់រួមមាន ដូចជា តំបន់ភាគខាងត្បូងភ្នំពេញ ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង
តំបន់តាមបណ្តោយផ្លូវ ទៅកាន់ព្រលានយន្តហោះតេជោ ខ័ណ្ឌកំបូល ទីក្រុងអរិយក្សត្រ ស្រុកល្វាឯមជាដើម។
លោកយិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia ដែលបានតាមដានដំណើរវិវត្តន៍ នៃវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា ការរីកចម្រើនរបស់ទីក្រុងភ្នំពេញ បាននិងកំពុងឆ្ពោះទៅកាន់ទិសទាំង៤នៃរាជធានី ប៉ុន្តែល្បឿនលឿនឬយឺតអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាសាស្រ្ត។

លោកបញ្ជាក់ថា “រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញ មានការរីកចម្រើនលើសទ្វេរដង លើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍអាគារពាណិជ្ជកម្ម និងកំណើននគរូបនីយកម្ម”។ លោកបន្តថា “លំហូរទុនវិនិយោគផ្ទាល់ពីបរទេស មុនជំងឺកូវីដ១៩មកដល់ បានធ្វើឲ្យរាជធានីភ្នំពេញ ប្រៀបបានជាទីក្រុងនៃសុបិនមួយយប់”។
លោកយិន លាងគង់បានបន្តថា សូចនាករចង្អុលបង្ហាញពីក្រុង ស្រុកខាងលើ ដែលនឹងមានការរីកចម្រើនពីបច្ចុប្បន្ន ដល់ឆ្នាំ២០៣០ មិនមែនជារឿងស្រមើស្រម័យទេ ប៉ុន្តែវាស្ថិតនៅក្នុងផែនការ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ របស់រដ្ឋាភិបាល ក្នុងការជម្រុញការអភិវឌ្ឍ តាមរយៈការទាក់ទាញលំហូរFDI និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា៕








