ហេតុ​អ្វី​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់អាស៊ី​-ប៉ាស៊ីហ្វិក​បន្ត​ទាក់​ទាញ​លំហូរ​ទុនថ្មី ​ទោះបី​ជា​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​អត្រាការ​ប្រាក់​?​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានរំពឹងថា នឹងបន្តមានភាពទាក់ទាញ បើទោះបីជាមានភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក៏ដោយ។

វិនិយោគិនមិនមែនកំពុងដកខ្លួនចេញពីទីផ្សារនោះទេ ប៉ុន្តែពួកគេកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ និងងាកទៅផ្តោតលើវិស័យផ្សេងៗវិញ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យឆ្លងដែននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងប្រហែល ៣០% គិតមកទល់ពេលនេះក្នុងឆ្នាំនេះ។

ចិនដីគោកគឺជាទីផ្សារដែលមានសកម្មភាពខ្លាំងបំផុតនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ ដោយការវិនិយោគបានហក់ឡើង ១៥៤% ធៀបនឹងឆ្នាំមុន ដល់កម្រិត ១៣ ពាន់លានដុល្លារអាមេរិក។

ប្រទេសជប៉ុនស្ថិតនៅលំដាប់បន្ទាប់ ដោយមានទឹកប្រាក់ ៩,៧ ពាន់លានដុល្លារអាមេរិក និងប្រទេសអូស្ត្រាលីមាន ៨ ពាន់លានដុល្លារអាមេរិក។

ទីក្រុងហុងកុងទទួលបានការវិនិយោគចំនួន ២,៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែមានអត្រាកំណើនខ្លាំងបំផុត ដោយកើនឡើង ១៧២%។ សរុបមក ការទិញលក់អចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់នេះបានកើនឡើង ២០% ដល់ ៤៦,១ ពាន់លានដុល្លារអាមេរិក។

នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី វិនិយោគិនកំពុងកែប្រែសណ្ឋាគារ និងការិយាល័យចាស់ៗឱ្យទៅជាកន្លែងស្នាក់នៅរួមគ្នា (co-living spaces)។ តំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងស៊ីដនីមានភាពទាក់ទាញ ដោយសារតែមានច្បាប់រៀបចំផែនការច្បាស់លាស់ អត្រាពន្ធអំណោយផល តម្រូវការខ្ពស់ និងកង្វះខាតលំនៅឋាន។

ជាមួយគ្នានេះ ទីផ្សារលំនៅឋានសម្រាប់មនុស្សចាស់នៅកូរ៉េខាងត្បូងកំពុងរីកចម្រើន ខណៈចំនួនប្រជាជនវ័យចំណាស់កើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងជំរុញឱ្យមានតម្រូវការរយៈពេលវែងសម្រាប់មជ្ឈមណ្ឌល ឬកន្លែងស្នាក់នៅសម្រាប់មនុស្សចាស់។

ចំណែក ទីក្រុងហុងកុងក៏កំពុងទាក់ទាញវិនិយោគិនផងដែរ ជាពិសេសបណ្តាវិនិយោគិនមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍៕


ចែករំលែក