តម្លៃខុនដូប្រភេទទី២ នៅទីក្រុងតូក្យូរបស់ជប៉ុនធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូប្រភេទទី២ នៅទីក្រុងតូក្យូនៃប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំកាលពីខែសីហា ខណៈការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញផ្ទះ បានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នជាងមុន។

តម្លៃខុនដូជាមធ្យមបានធ្លាក់ចុះ ០,២% បើធៀបនឹងខែកក្កដា មកនៅត្រឹម ១១២,៧៤ លានយ៉េន (ប្រហែល ៧១៤.០០០ ដុល្លារអាមេរិក)។ នេះជាការធ្លាក់ចុះប្រចាំខែលើកដំបូងក្នុងរយៈពេល ២៨ ខែ។

តម្លៃខុនដូបានចាប់ផ្តើមធ្លាក់ចុះរួចទៅហើយនៅក្នុងតំបន់កណ្តាលទីក្រុងតូក្យូ ហើយសភាពចុះខ្សោយនេះកំពុងតែរាលដាលទៅកាន់តំបន់ផ្សេងទៀត។

ការកើនឡើងនៃអត្រាការប្រាក់នៅក្នុងប្រទេសជប៉ុន កំពុងធ្វើឱ្យការខ្ចីប្រាក់ទិញផ្ទះត្រូវចំណាយលើការបង់អត្រាការប្រាក់កាន់តែខ្ពស់ ដែលជាហេតុធ្វើឱ្យតម្រូវការផ្ទះមានការថយចុះ។

ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន ក៏កំពុងបង្កើនការត្រួតពិនិត្យលើការផ្តល់ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យផងដែរ ដោយសារមានការព្រួយបារម្ភថា តម្លៃអចលនទ្រព្យនៅទីក្រុងតូក្យូបានកើនឡើងខ្ពស់ពេក ដែលផ្នែកមួយបណ្តាលមកពីសកម្មភាពរបស់វិនិយោគិនក្នុងស្រុក និងបរទេស។

ក្រុមអ្នកវិភាគរំពឹងថា តម្លៃអចលនទ្រព្យនៅតំបន់កណ្តាលទីក្រុងតូក្យូនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំ ២០២៦ ហើយនិន្នាការស្រដៀងគ្នានេះនឹងរាលដាលទៅកាន់តំបន់ជុំវិញផងដែរ

នៅក្នុងសង្កាត់ទាំង ៦ នៅកណ្តាលទីក្រុងតូក្យូ តម្លៃខុនដូបានធ្លាក់ចុះ ០,៧% នៅក្នុងខែសីហា ដែលនេះជាការធ្លាក់ចុះប្រចាំខែជាលើកទី ៤ ជាប់ៗគ្នា។ តម្លៃទាំងនេះត្រូវបានគណនាដោយផ្អែកលើខុនដូស្តង់ដារដែលមានទំហំ ៧០ ម៉ែត្រការ៉េ៕


ចែករំលែក