ដោយៈ និស្ស័យ
ភ្នំពេញៈ ទ្រព្យសកម្មសរុបរបស់វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ បានកើនឡើងពីប្រមាណ៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ប្រមាណជាង៩ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ស្មើនឹងប្រមាណ១៨% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។
ព័ត៌មាននេះត្រូវបានបង្ហាញ ក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំមកពីស្ថាប័ន សមាគមអធុរកិច្ចនានាជាច្រើន។

វិស័យនេះបានបង្កើតការងារ និងការអភិវឌ្ឍមូលធនមនុស្ស ចំនួនការងារក្នុងវិស័យនេះ បានកើនពីប្រមាណ៨ពាន់នាក់ ក្នុងឆ្នាំ២០២១ ដល់ប្រមាណ១៦ពាន់នាក់ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំ។
កំណើននេះ បានឆ្លុះបញ្ចាំងពីការរីកលូតលាស់ ជាបន្តបន្ទាប់របស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចជាតិជារួម៕







