កម្ពុជា​ ជាមួយ​ភាគី​ជប៉ុន​ចុះហត្ថលេខា​លើ​កំណត់​ត្រា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ការ​ផលិត​ផែន​ទី​នាវាចរណ៍​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ កម្ពុជា និងភាគីជប៉ុនបានចុះ ហត្ថលេខាលើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងហត្ថលេខីក្នុងពិធីចុះហត្ថលេខា លើកំណត់ត្រានៃការពិភាក្សា សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាព ក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ ជាមួយ លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA)និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ។

ពីធីចុះហត្ថលេខានេះត្រូវបានធ្វើឡើង ក្នុងបំណងបង្កើតកិច្ចព្រមព្រៀងទៅវិញទៅមក សម្រាប់ការអនុវត្តគម្រោងដោយភាគីទាំងពីរ និងឯកភាពលើផែនការលម្អិត នៃគម្រោងដូចមានចែងនៅក្នុងឯកសារ និងឧបសម្ព័ន្ធនានា ដែលនឹងត្រូវអនុវត្តន៍ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលបានចុះហត្ថលេខានាពេលកន្លងមក។ គោលបំណងនៃគម្រោងនេះ គឺដើម្បីធានាឱ្យមានការធ្វើបច្ចុប្បន្នភាពផែនទីនាវាចរណ៍អេឡិចត្រូនិក (ENCs) ប្រកបដោយភាពត្រឹមត្រូវ តាមរយៈការលើកកម្ពស់សមត្ថភាព របស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើការផលិត ការធ្វើបច្ចុប្បន្នភាព និងការបោះពុម្ពផ្សាយផែនទីទាំងនោះ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន ចំពោះការបន្តគាំទ្រដល់វិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានាថាគម្រោងនេះផ្តល់អត្ថប្រយោជន៍យូរអង្វែង លោកបានស្នើសុំឱ្យក្រុមការងារបច្ចេកទេសផ្តោតលើអាទិភាពចំនួនបី៖ ១.ពង្រឹងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ២. បង្កើនសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសរបស់កម្ពុជា និង ៣. គោរពតាមស្តង់ដាអន្តរជាតិពាក់ព័ន្ធ៕


ចែករំលែក