ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យកម្រិតប្រណីតបំផុតនៅទីក្រុង Miami កំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ដោយអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនតែទូទាត់បង់ជាប្រាក់សុទ្ធ។
ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ តំបន់ Miami-Dade បានកត់ត្រាការលក់ផ្ទះចំនួន ១៩៤ ខ្នង ដែលមានតម្លៃយ៉ាងហោចណាស់ ១០ លានដុល្លារ។ តួលេខនេះកើនឡើង ១៤,១% ធៀបនឹងការលក់លំនៅឋានចំនួន ១៧០ ខ្នងក្នុងពេញមួយឆ្នាំ ២០២៥។
ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ទីក្រុង Miami អាចនឹងកត់ត្រាការលក់អចលនទ្រព្យកម្រិតប្រណីតបំផុត (ultra-luxury) ប្រហែល ២៩១ ខ្នងនៅឆ្នាំ ២០២៦ ដែលនឹងវ៉ាដាច់កំណត់ត្រាពីមុនចំនួន ២៣០ ខ្នងកាលពីឆ្នាំ ២០២១។
ទីក្រុង Miami មានចំនួនអ្នកទិញដែលបង់ប្រាក់សុទ្ធក្នុងកម្រិតខ្ពស់ខ្លាំង។ នៅឆ្នាំ ២០២៥ ចំនួនប្រហែល ៨២% នៃការលក់ខុនដូដែលមានតម្លៃចាប់ពី ១ លានដុល្លារឡើងទៅ ត្រូវបានបង់ប្រាក់សុទ្ធទាំងស្រុង។
ដោយសារអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើនមិនចាំបាច់ពឹងផ្អែកលើប្រាក់កម្ចីទិញផ្ទះ (mortgages) ទីផ្សារលំនៅឋានប្រណីតនៅទីក្រុង Miami មិនសូវរងផលប៉ះពាល់ពីអត្រាការប្រាក់ខ្ពស់ឡើយ។
ហេតុដូច្នេះហើយ ធនាគារ UBS បានបន្ថយចំណាត់ថ្នាក់ហានិភ័យនៃពពុះតម្លៃផ្ទះនៅទីក្រុង Miami ពីកម្រិត «ខ្ពស់បំផុត» កាលពីឆ្នាំមុន មកនៅត្រឹមកម្រិត «ខ្ពស់» នៅឆ្នាំនេះ។
តម្រូវការក៏ត្រូវបានជំរុញដោយជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលបានផ្លាស់ទីលំនៅពីបណ្តារដ្ឋដែលមានអត្រាពន្ធខ្ពស់ និងមានតម្លៃនៃការរស់នៅថ្លៃជាង មកកាន់រដ្ឋ Florida៕







