ដោយៈ ចំណាន
ភ្នំពេញៈ ការវិវត្តនៃគម្រោងទីក្រុងVictoria Parkland បាននិងកំពុងឆ្ពោះទៅមុខបណ្តើរៗ ប៉ុន្តែសកម្មភាពមួយចំនួនត្រូវបានយឺតយ៉ាងដោយសាររដូវភ្លៀង តែយ៉ាងណាសកម្មភាព និងគោលដៅគំរោងនេះកំពុងឆ្ពោះទៅតាមផែនការ។
លោកបណ្ឌិតតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនVictoria Parklandបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី៣០ កញ្ញាថា ការរីកចម្រើនសេដ្ឋកិច្ច សង្គម និងកំណើនប្រជាសាស្រ្តនៅក្រុងតាខ្មៅ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធងាយស្រួល ជាអ្វីដែលបាន និងកំពុងគាំទ្រគម្រោងយើងឲ្យឆ្ពោះទៅមុខ។
លោកបន្តថា “ការឈូសឆាយហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានពន្យាពេលតិចតួច ដោយសាររដូវភ្លៀង ប៉ុន្តែសកម្មភាពទិញ លក់បាននិងកំពុងដំណើរការ ដោយាមានអ្នកវិនិយោគជាច្រើន ចាប់ផ្តើមទិញគំរោងនេះ”។
គម្រោងទីក្រុងVictoria Park ស្ថិតនៅលើផ្ទៃដីទំហំ៥០ហិកតា ក្នុងនោះ៣០ហិកតា នឹងពុះជាឡូត៍ខ្នាតធំ និងខ្នាតវីឡា ដែលមានទំហំ៦០០ម៉ែត្រការ៉េឡើង និងគម្រោងសាងសង់ខុនដូ ផ្សារទំនើប សាលារៀន អាគារការិយាល័យ សណ្ឋាគារជាដើម។

ទីក្រុងVictoria Parkland មានទីតាំងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាតំបន់មានសន្តិសុខ និងសុវត្ថិភាពខ្ពស់បំផុត ដោយសារវាជាតំបន់លំនៅដ្ឋាន របស់ថ្នាក់ដឹកនាំជាតិ។
លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ជាមួយសកម្មភាពទិញ លក់ ដែលមានស្រាប់ នាពេលឆាប់ៗនេះក្រុមហ៊ុន នឹងចាប់ផ្តើមសកម្មភាព និងយុទ្ធសាស្រ្តថ្មី ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចពង្រីកសក្តានុពល និងបង្កើនគុណតម្លៃសម្រាប់គំរោងរបស់យើង។
លោកបញ្ជាក់ថា “យើងកំពុងផ្តោត និងកសាងគុណតម្លៃសម្រាប់ផែនការអនាគតតំបន់នេះ ដែលនឹងក្លាយជាតំបន់CBD នាពេលអនាគត”៕







