មន្រ្តី​ជាន់ខ្ពស់​ពិភាក្សា​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​ពង្រឹង ​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​

ចែករំលែក

ដោយៈ ចំណាន

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកYuho Hayakawa អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិក និងការទាក់ទាញការវិនិយោគផ្ទាល់ (FDI)ពីជប៉ុន។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈ (JICA) ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា លើគ្រប់វិស័យ។

ក្នុងជំនួបនាព្រឹកនេះ លោកអនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារ JICA បានសម្តែងនូវការកោតសរសើរ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាគ្រប់គម្រោងកិច្ចសហប្រតិបត្តិការទាំងអស់ ទទួលបានលទ្ធផលយ៉ាងជោគជ័យ និងជាផ្លែផ្កា។

ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ ក.អ.ក ក្នុងការផ្តល់កិច្ចសម្រួល និងការគាំទ្រគ្រប់បែបយ៉ាងជូនដល់វិនិយោគិនជប៉ុនទាំងអស់ ក្នុងការស្វែងរក និងពង្រីកឱកាសធុរកិច្ចនៅកម្ពុជា៕


ចែករំលែក