ដោយៈ ចំណាន
ភ្នំពេញៈ ចម្លើយនៃសំណួរខាងលើគឺពិតមែនហើយ ប៉ុន្តែចំនួនប្រជាជនច្រើនមិនមែនមានន័យថា ប្រទេសនោះនឹងមានភាពរឹងមាំផ្នែកសេដ្ឋកិច្ចដោយស្វ័យប្រវត្តិនោះទេ។
ជាទូទៅ អ្នកសេដ្ឋកិច្ចហៅឱកាស ដែលកើតចេញពីចំនួនប្រជាជនក្នុងវ័យធ្វើការដ៏ច្រើននេះថាជា “ភាគលាភប្រជាសាស្ត្រ”( demographic dividend)។
លោក David E. Bloom សេដ្ឋវិទូដែលមានស្នាដៃត្រូវបានបោះពុម្ពផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានពន្យល់ថា ទំហំប្រជាជន និងជាពិសេសរចនាសម្ព័ន្ធអាយុរបស់ប្រជាជន អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ចំនួនប្រជាជនក្នុងវ័យធ្វើការដ៏ច្រើនអាចជួយបង្កើនផលិតកម្ម ការសន្សំ និងការវិនិយោគ។
ធនាគារពិភពលោក ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ចំនួនប្រជាជនក្នុងវ័យធ្វើការដ៏ច្រើន អាចបង្កើតជាឱកាសដ៏សំខាន់មួយ ប៉ុន្តែប្រទេសនានាត្រូវការការងារ ការអប់រំ សុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសអាជីវកម្មល្អ ដើម្បីប្រែក្លាយចំនួនប្រជាជននេះទៅជាកំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក Ronald Lee និងលោក Andrew Mason តាមរយៈការស្រាវជ្រាវរបស់IMF បានរកឃើញថា ភាគលាភប្រជាសាស្ត្របានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍នេះ មិនមែនកើតឡើងដោយស្វ័យប្រវត្តិនោះទេ។

រូបមន្តសាមញ្ញ៖ចំនួនប្រជាជនច្រើន និងកម្មករដែលមានផលិតភាព + ការអប់រំ + ការងារ + ការវិនិយោគ + ស្ថាប័នល្អ = ភាពរឹងមាំផ្នែកសេដ្ឋកិច្ច។
ប៉ុន្តែ៖ចំនួនប្រជាជនច្រើន + ផលិតភាពទាប + ការអត់ការងារធ្វើ + ហេដ្ឋារចនាសម្ព័ន្ធខ្សោយ = បន្ទុកផ្នែកសេដ្ឋកិច្ច។ នេះជាមូលហេតុដែលប្រទេសនានាដូចជា ចិន និងឥណ្ឌា អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីទីផ្សារក្នុងស្រុកដ៏ធំធេង ខណៈដែលប្រទេសមួយចំនួន ដែលមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស ជួបការលំបាកក្នុងការបង្កើតការងារដែលមានផលិតភាពឱ្យបានគ្រប់គ្រាន់។
សម្រាប់ប្រទេសកម្ពុជា សំណួរដ៏សំខាន់មិនមែនគ្រាន់តែជា “តើកម្ពុជានឹងមានប្រជាជនចំនួនប៉ុន្មាននាក់នោះទេ?” ប៉ុន្តែវាគឺ “តើមានមនុស្សប៉ុន្មាននាក់នឹងធ្វើការ រកចំណូល ទិញផ្ទះ បង្កើតអាជីវកម្ម និងផលិតទំនិញ?។
ការបែងចែកចំណុចខុសគ្នានេះ មានសារៈសំខាន់ជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យ និងទីផ្សារអ្នកប្រើប្រាស់របស់កម្ពុជាក្នុងរយៈពេល១០ ទៅ២០ឆ្នាំខាងមុខ៕







