ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តី និងវិស័យឯកជន បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយវិស័យឯកជនលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម” និង “អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (ស.ត.ម)”។
កិច្ចប្រជុំនេះប្រព្រត្តឹទៅក្រោមអធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងទទួលធាតុចូលពីវិស័យឯកជនពាក់ព័ន្ធ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យទាំងពីរខាងលើ តបតាមការចង្អុលបង្ហាញក្នុង “យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ដោយតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពបទប្បញ្ញាត្តិ ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
សេចក្តីព្រាងអនុក្រឹត្យស្តីពី ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងកំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងយន្តការសម្រាប់ ការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដល់សហគ្រាសពាណិជ្ជកម្ម ដែលត្រូវបានចាត់ថ្នាក់ជាសហគ្រាសធុនតូច និងមធ្យម (ដែលសរសេរអក្សរកាត់ថា ស.ត.ម.)ដូចបានកំណត់ក្នុងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមចំណែកក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការតភ្ជាប់ ស.ត.ម. ជាមួយនឹងសហគ្រាសមានប្រភពទុនវិនិយោគផ្ទាល់ពីបរទេស បង្កើតការងារ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ត្រូវបានកំណត់បែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្ដអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ដែលគិតចាប់ ពីការចាប់ផ្ដើមអាជីវកម្ម ការធ្វើប្រតិបត្តិការអាជីវកម្ម រហូតដល់ការបិទអាជីវកម្ម ដែល សរសេរអក្សរកាត់ថា ស.ត.ម. ដើម្បីផ្ដល់ស្ថានភាពស្របច្បាប់ និងសម្រួលដល់ការធ្វើអាជីវកម្ម ឱ្យបានជាអតិបរមា សំដៅចូល រួមជំរុញការអភិវឌ្ឍ ស.ត.ម. ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ៕






