ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ឆមាសទី១ ឆ្នាំ២០២៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលផ្តោតលើការដោះស្រាយបញ្ហា ប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម វិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពអំណោយផលខ្ពស់ ជាមួយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ.)។
កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយរលូន និងបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈចំនួនពីររួមមាន ទី១. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញនៅក្នុងវេទិកា GPSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ទី២.ការត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) លើកទី២០។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់តំណាងក្រសួង-ស្ថាប័នទាំងអស់ និងក្រុមការងារលេខាធិការដ្ឋានគ.ស.រ.ជ. ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងជូនវិស័យឯកជន និងបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគ្នា ឱ្យកាន់តែស្អិតរមួតទាំងផ្នែករដ្ឋាភិបាល និងវិស័យឯកជន ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) លើកទី២០ សំដៅយ៉ាងណាឱ្យការរៀបចំសម្រេចបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឧបនាយករដ្ឋមន្ត្រីក៏បានលើកបង្ហាញអំពី វឌ្ឍនភាពនូវការងារភស្តុភារកម្ម ដែលរាជរដ្ឋាភិបាល សម្រេចបាននាពេលកន្លងមក ដែលសុទ្ធសឹងជាបច្ច័យវិជ្ជមានសម្រាប់វិស័យឯកជន នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន ជាក់ស្តែងដូចជា ផែនការពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយច្រករបៀងសំខាន់ៗ, វឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ, ការលើកកម្ពស់សមត្ថភាព និងការធ្វើឌីជីថលូបនីយកម្មកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ, និងគម្រោងគាំទ្រដល់វិស័យភស្តុភារកម្មដូចជាការបើកការដ្ឋាន មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗកន្លងមកនេះ៕







