ដោយៈ និស្ស័យ
អាមររិកៈ ទិន្នន័យចុងក្រោយពី Freddie Mac បង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះរយៈពេល៣០ ឆ្នាំស្ថិតនៅកម្រិតប្រហែល ៧,២៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ២០២៣ មក។
កត្តានេះកំពុងរារាំងអ្នកទិញ មិនឱ្យចូលក្នុងទីផ្សារ និងធ្វើឱ្យបរិមាណនៃការលក់ធ្លាក់ចុះ។
ទន្ទឹមនឹងនេះ តម្លៃផ្ទះមិនបានធ្លាក់ចុះខ្លាំងនោះទេ ដោយសារម្ចាស់ផ្ទះដែលមានស្រាប់ជាច្រើន បានជាប់កិច្ចសន្យាអត្រាការប្រាក់កម្ចីទាប ហើយមិនចង់លក់ផ្ទះរបស់ខ្លួន។
Zillow ប៉ាន់ប្រមាណថា តម្លៃផ្ទះក្នុងខែកញ្ញាមានការកើនឡើងត្រឹមតែប្រហែល១% ប៉ុណ្ណោះបើធៀបនឹងឆ្នាំមុន ខណៈដែលចំនួនផ្ទះសម្រាប់លក់ (inventory)មានការកើនឡើង ២,៥% បើធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងកម្រិតមុន ពេលមានជំងឺរាតត្បាតចំនួន ១៦,១%។
ចំណុចសំខាន់គឺសហរដ្ឋអាមេរិក កំពុងវិវត្តទៅជាទីផ្សារលំនៅដ្ឋានពីរផ្សេងគ្នា ដោយតំបន់ Midwest និង Northeast៖ មានភាពរឹងមាំគួរសម។
ការផ្គត់ផ្គង់មានកម្រិតបានជួយរក្សាតម្លៃផ្ទះ។ រដ្ឋ Illinois, Connecticut, Indiana, New Jersey និងOhio ស្ថិតក្នុងចំណោមរដ្ឋដែលមានកំណើនតម្លៃប្រចាំឆ្នាំខ្លាំងជាងគេ។

ចំណែកតំបន់Sunbelt និងភាគខាងលិច (West)៖ មានសម្ពាធខ្លាំងជាង។រដ្ឋ Texas, Washington និង Hawaii បានបង្ហាញពីការធ្លាក់ចុះតម្លៃប្រចាំឆ្នាំ ខណៈដែលរដ្ឋ Arizona, Nevada, Oregon និងColorado មានតម្លៃស្ទើរតែមិនប្រែប្រួល។ ការកើនឡើងនៃការសាងសង់ និងចំនួនផ្ទះសម្រាប់លក់ បានផ្តល់ឱ្យអ្នកទិញនូវអំណាចក្នុងការចរចាកាន់តែច្រើន។
វិស័យអចលនទ្រព្យពាណិជ្ជកម្ម មានភាពគួរឱ្យចាប់អារម្មណ៍ជាង
នេះគឺជាផ្នែកមួយដែលខ្ញុំមើលឃើញថាមានសញ្ញាវិជ្ជមាន។
ក្រុមហ៊ុនCBRE រំពឹងថា ទំហំនៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក នឹងកើនឡើងប្រហែល១៦% នៅឆ្នាំ ២០២៦។ ការវិនិយោគលើវិស័យឧស្សាហកម្ម និងភស្តុភារកម្ម (logistics)លំនៅដ្ឋានរួម (multifamily) ហាងលក់រាយ និងការិយាល័យ ត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើង ទោះបីជាវិស័យការិយាល័យនៅតែមានភាពខុសគ្នា នៃលទ្ធផលយ៉ាងខ្លាំងក៏ដោយ៕







