ម៉ាឡេស៊ី​ក្លាយ​ជាគោល​ដៅ​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​ទិញអចលនទ្រព្យ​ ដែល​ស្វែង​រក​កម្រិត​ស្តង់​ដារ​ដូច​នៅ​សិង្ហបុរី​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសម៉ាឡេស៊ីកំពុងក្លាយជាជម្រើសកណ្តាលមួយសម្រាប់វិនិយោគិនអចលនទ្រព្យមកពីកោះហុងកុង និងចិនដីគោក ដែលកំពុងស្វែងរកស្ថិរភាពដូចទៅនឹងប្រទេសសិង្ហបុរី។

ប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមគោលដៅដែលទាក់ទាញការសាកសួរពីអតិថិជនចិននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដែលកើនឡើងពីចំណាត់ថ្នាក់លេខ ៧ ក្នុងឆ្នាំ ២០២៤ និងលេខ ៦ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Juwai IQI។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិ (Group CEO) នៃក្រុមហ៊ុន Juwai IQI បានអះអាងថា៖ «ម៉ាឡេស៊ី ជាគោលដៅដ៏ពេញនិយមមួយសម្រាប់អតិថិជនមកពីកោះហុងកុង និងចិនដីគោក ជាពិសេសសម្រាប់ការរស់នៅ ការអប់រំ ការចូលនិវត្តន៍ ឬការវិនិយោគលើការស្នាក់នៅ»។

ក្រុមអ្នកវិភាគបានលើកឡើងថា ទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅប្រទេសម៉ាឡេស៊ីក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដោយផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Savills សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងទីក្រុង Johor Bahru ដែលជាទីក្រុងរបស់ម៉ាឡេស៊ីស្ថិតនៅជិតប្រទេសសិង្ហបុរីបំផុតនោះ បានហក់ឡើងចំនួន ១៣២% ចាប់តាំងពីឆ្នាំ ២០២៤ មក។

ទិន្នន័យរបស់ Juwai IQI បង្ហាញថា ប្រទេសម៉ាឡេស៊ីទទួលបានចំណែក ៧,៣% នៃការសាកសួរទាំងអស់ពីសំណាក់ជនជាតិចិនដែលចង់ទិញផ្ទះនៅក្រៅប្រទេសក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដែលកើនឡើងពី ៤,៥% ក្នុងឆ្នាំ ២០២៥ និង ២,៨% ក្នុងឆ្នាំ ២០២៤៕


ចែករំលែក