ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន CBRE បានលើកឡើងថា តម្រូវការការិយាល័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងនៅតែរឹងមាំ ទោះបីជាមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កាន់តែច្រើនឡើងយ៉ាងណាក្តី។
ទោះជាយ៉ាងណា បច្ចេកវិទ្យានេះអាចធ្វើឱ្យកំណើនការងារនៅក្នុងការិយាល័យ និងកំណើនតម្រូវការការិយាល័យ មានកម្រិតថយចុះខ្លះ រហូតដល់ឆ្នាំ ២០៣០។
នៅក្នុងសេណារីយ៉ូកម្រិតមធ្យម ការបាត់បង់ការងារដោយសារបច្ចេកវិទ្យាAIត្រូវបានរំពឹងថា នឹងធ្វើឱ្យកំណើននៃផ្ទៃក្រឡាការិយាល័យដែលមានអ្នកជួល (occupied office space) ក្នុងតំបន់ថយចុះមកនៅត្រឹម១៣% ក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ បើធៀបនឹង១៨% ក្នុងករណីដែលAI មិនបង្កឱ្យមានការបាត់បង់ការងារ។
ទន្ទឹមនឹងនេះ ការងារនៅក្នុងការិយាល័យត្រូវបានព្យាករថា នឹងកើនឡើង៩ភាគរយ ក្នុងករណីសេណារីយ៉ូកម្រិតមធ្យម នៅចន្លោះឆ្នាំ ២០២៦ និង២០៣០ ដែលក្នុងនោះការងារការិយាល័យ ដែលងាយរងផលប៉ះពាល់នឹងត្រូវជំនួសក្នុងអត្រាកម្រិតមធ្យម។
ក្រុមហ៊ុនCBRE បានប៉ាន់ប្រមាណថា មានតែ១,៨ភាគរយប៉ុណ្ណោះ នៃចំនួនការងារសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលងាយរងផលប៉ះពាល់ ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ នេះសំដៅទៅលើមុខរបរទាំងឡាយណាដែលទទួលរងឥទ្ធិពលខ្លាំងពីបច្ចេកវិទ្យានេះ ប៉ុន្តែមានលទ្ធភាពទាបក្នុងការសម្របខ្លួន។
ក្រុមហ៊ុន CBRE បានឱ្យដឹងថា បុគ្គលិកការិយាល័យមានចំនួនជាង ៣៥ ភាគរយនៃចំនួនការងារសរុបនៅក្នុងប្រទេសសិង្ហបុរី ហុងកុង និងអូស្ត្រាលី ខណៈដែលនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងវៀតណាមវិញ តួលេខនេះមានតិចជាង១០ភាគរយ។
លោកTom Gaffney ប្រធានផ្នែកជួលអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនCBRE បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងកាន់តែចូលមកជំនួសការងារជាប្រចាំថ្ងៃ ដែលធ្វើឱ្យការងារ ដែលទាមទារកិច្ចសហការគ្នា និងការងារដែលត្រូវធ្វើការផ្ទាល់ជាមួយអតិថិជនកាន់តែមានតម្លៃថែមទៀត៕







