រដ្ឋាភិបាលកូរ៉េខាងត្បូង​គ្រោងផ្គត់ផ្គង់​លំនៅឋាន​ ១,១៩ លានខ្នង ​សម្រាប់​ការលក់ ​និង​ការ​ជួល​ដល់សាធារណជន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនមានគោលដៅផ្គត់ផ្គង់លំនៅឋានចំនួន ១,១៩ លានខ្នង សម្រាប់ការលក់ និងការជួលដល់សាធារណជន រហូតដល់ឆ្នាំ ២០៣០ ភាគច្រើនស្ថិតនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ដើម្បីពង្រីកការគាំទ្រផ្នែកលំនៅដ្ឋាន។

ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញផែនការរក្សាលំនឹងទីផ្សារលំនៅឋាន ផ្តោតលើការផ្តល់ការគាំទ្រផ្នែកលំនៅឋានដែលសមស្របតាមតម្រូវការជាក់ស្តែង ស្របពេលតម្លៃផ្ទះកំពុងកើនឡើងនៅក្នុងតំបន់ទីក្រុងសេអ៊ូល និងតំបន់ជុំវិញ។

យោងតាមផែនការនេះ រដ្ឋាភិបាលមានគោលបំណងផ្គត់ផ្គង់លំនៅឋានជាមធ្យមប្រហែល ២៤០,០០០ ខ្នងក្នុងមួយឆ្នាំ ដែលសរុបទាំងអស់មានចំនួន ១,១៩ លានខ្នងរហូតដល់ឆ្នាំ ២០៣០។

ចំនួនប្រហែល ៧៧ ភាគរយនៃលំនៅឋានទាំងនោះនឹងផ្តោតសំខាន់នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដែលជាតំបន់មានតម្រូវការលំនៅឋានខ្ពស់ខ្លាំង។

លំនៅដ្ឋានទាំងនេះនឹងត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីផ្សេងៗ រួមមានការសាងសង់ថ្មីនៅលើដីសាធារណៈ ការទិញលំនៅឋានដែលសាងសង់ដោយវិស័យឯកជនដើម្បីបំប្លែងទៅជាលំនៅឋានសាធារណៈសម្រាប់ជួល និងកម្មវិធីប្រើប្រាស់លំនៅឋានដែលមានស្រាប់របស់វិស័យឯកជន។

ក្រសួងបានបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងពង្រីកជម្រើសលំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមិនទាន់មានផ្ទះផ្ទាល់ខ្លួន ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងការឈានជើងចូលទៅក្នុងទីផ្សារលំនៅឋានឯកជន៕


ចែករំលែក