ការ​កើនឡើង​នៃ​តម្លៃ​ដីធ្លី​ជំរុញ​ឱ្យ​តម្លៃអចលនទ្រព្យ​នៅ​ប្រទេសជប៉ុន​ហក់​ឡើងខ្លាំង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃដីធ្លីនៅប្រទេសជប៉ុនបានកើនឡើងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ តម្លៃដីសម្រាប់លំនៅឋាន និងពាណិជ្ជកម្មសុទ្ធតែបានកើនឡើង ជាពិសេសនៅក្នុងបណ្តាទីក្រុងធំៗ។

នេះជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ប្រទេសជប៉ុន។ ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យមានភាពខុសប្លែកគ្នាពីទីក្រុងមួយទៅទីក្រុងមួយទៀត។

ជាក់ស្តែង កត្តាដែលជះឥទ្ធិពលលើតម្លៃអចលនទ្រព្យនៅកណ្តាលទីក្រុងតូក្យូ អាចមានភាពខុសគ្នាខ្លាំងពីកត្តាដែលជះឥទ្ធិពលលើសណ្ឋាគារនៅទីក្រុងណាហ្គូយ៉ា ឬលំនៅឋាននៅក្នុងទីក្រុងតូចៗ។

នៅទីក្រុងតូក្យូ ផ្ទៃដីមានកម្រិត ហើយថ្លៃចំណាយលើការសាងសង់ រួមទាំងថ្លៃសម្ភារៈ និងកម្លាំងពលកម្ម បានកើនឡើងយ៉ាងខ្លាំង។ កត្តានេះធ្វើឱ្យការសាងសង់អចលនទ្រព្យថ្មីមានតម្លៃថ្លៃជាងមុន និងបង្កើនតម្លៃនៃអគារដែលមានស្រាប់នៅក្នុងទីតាំងល្អៗ។

ជាលទ្ធផល អ្នកវិនិយោគមួយចំនួនពេញចិត្តនឹងការទិញ និងកែលម្អខុនដូដែលមានស្រាប់ (អគារចាស់) ជាជាងការសាងសង់ខុនដូថ្មី។

ខុនដូថ្មីៗនៅកណ្តាលទីក្រុងតូក្យូភាគច្រើនមានទំហំតូច ដោយសារអ្នកអភិវឌ្ឍន៍ចង់រក្សាតម្លៃឱ្យសមរម្យ។ ចំណែកខុនដូដែលមានអាយុកាលយូរជាងនេះ ជារឿយៗមានទំហំធំទូលាយជាង និងមានតម្លៃប្រហាក់ប្រហែលគ្នា។

បន្ទាប់ពីការកែលម្អរួចរាល់ ខុនដូទាំងនេះអាចឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទិញសម័យថ្មីបាន និងមានតម្លៃល្អប្រសើរជាងខុនដូដែលទើបសាងសង់ថ្មី។

ប្រទេសជប៉ុនបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៤២,៦៨ លាននាក់ក្នុងឆ្នាំ ២០២៥ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន និងកើនឡើង ១៥,៨% បើធៀបនឹងឆ្នាំ ២០២៤។ នៅខែកក្កដា ឆ្នាំ ២០២៦ ប្រទេសនេះទទួលបានភ្ញៀវទេសចរចំនួន ៣,៤៤ លាននាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែនេះ។

កំណើននៃវិស័យទេសចរណ៍បានបង្កើនតម្រូវការសណ្ឋាគារ ភោជនីយដ្ឋាន និងទីតាំងលក់រាយ ជាពិសេសនៅក្នុងទីក្រុងតូក្យូ អូសាកា និងក្យូតូ។ តម្រូវការទាំងនេះជំរុញការប្រើប្រាស់ដីលំនៅឋាន និងពាណិជ្ជកម្មដែលជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្ពស់នៅក្នុងតំបន់ទេសចរណ៍ពេញនិយម៕


ចែករំលែក