ដោយៈ ចំណាន
ភ្នំពេញៈ លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងអភិវឌ្ឍន៍វិស័យផ្លូវដែក ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាមួយតំណាងក្រុមហ៊ុន China Railway Design Corporation (CRDC)។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យ និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍វិស័យផ្លូវដែក ការកំណត់គម្រោងអាទិភាពរបស់ក្រសួង ព្រមទាំងការកំណត់ទិសដៅការងារបន្ត សម្រាប់ការសិក្សាបច្ចេកទេសលើគម្រោងដែលបានស្នើឡើង។
ក្នុងឱកាសនោះ លោកវ៉ាស៊ីម សូរិយា បានថ្លែងអំណរគុណដល់ភាគីចិនចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ព្រមទាំងបានស្នើឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោងនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា៕







