ដោយៈ ចំណាន
សៀមរាបៈ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលរួមលើកទី៣ នៃគម្រោងអនុវត្តវិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្ដសៀមរាប ដំណាក់ទី២ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកអ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល នៃគម្រោងអនុវត្តទីក្រុងឆ្លាតវៃ បានធ្វើការជំរុញដល់ក្រុមការងារលេខាធិការដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ បន្តពង្រឹងលើការអនុវត្តការងារគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលជាក់ស្ដែងនាពេលខាងមុខ។
លោកបញ្ជាក់ថា “ការងារចាំបាច់គឺត្រូវពង្រឹងការអនុវត្តគម្រោង ឱ្យចេញជាលទ្ធផលជាក់ស្ដែង ដែលត្រូវពិនិត្យឡើងវិញនូវគម្រោងទាំង៨ ថាតើគម្រោងមួយណាដែលមិនទាន់បានបញ្ចប់”។ លោកបន្ថែមថា ក្នុងនោះត្រូវសិក្សា ទៅលើគម្រោងណាដែលជាអាទិភាព បន្ទាប់មកធ្វើការវាយតម្លៃ និងកំណត់នូវសូចនាករឱ្យបានល្អ និងច្បាស់លាស់ សម្រាប់យកទៅអនុវត្តន៍ គម្រោងទីក្រុងឆ្លាតវៃ នៅក្នុងដំណាក់កាលទី២នេះ។
លោកបានឱ្យដឹងទៀតថា នៅក្នុងបរិបទនេះ ការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺការប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ ព្រមទាំងការកែលម្អអភិបាលកិច្ច ការគ្រប់គ្រងទីក្រុង ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍទីក្រុង និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
លោកអ៊ុំ ម៉ារ៉ាបានបញ្ជាក់ថា “ទីក្រុងឆ្លាតវ៉ៃមិនមែនសំដៅទៅលើការបំពាក់បច្ចេកវិទ្យាទំនើបការបង្កើតប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្ដែជាទីក្រុង ដែលអាចគ្រប់គ្រងបាន ដូចជា ការផ្ដល់សេវាសាធារណៈ បញ្ហាចរាចរណ៍ បរិស្ថានមានភាពធន់ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋអាចប្រើប្រាស់”។
ជាមួយគ្នានេះ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងអង្គការJICA ដែលបានខិតខំប្រឹងប្រែង ផ្ដល់កិច្ចសហប្រតិបត្តិការ គាំទ្រខាងផ្នែកបច្ចេកទេស ការចែករំលែកបទពិសោធន៍ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងជាពិសេសជួយអភិវឌ្ឍគម្រោងទីក្រុងស្អាត ក្នុងខេត្ដសៀមរាប ដែលបានបញ្ចប់ដំណាក់កាលទី១រយ:ពេល៣ឆ្នាំ ដែលយើងបានឈានចូលនៅគម្រោងទី២មានសារៈសំខាន់ ដែលក្នុងនោះយើងត្រូវដោះស្រាយបញ្ហារួមគ្នា ដោយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង ការវាយតម្លៃលើសមិទ្ធផលដែលសម្រេចបាន ការកំណត់បញ្ហាប្រឈម និងការឯកភាពលើទិសដៅការងារបន្ត ដើម្បីធានាឱ្យការអនុវត្តគម្រោង សម្រេចបាននូវគោលបំណង និងជំរុញការអនុវត្តផែនទីចង្អុលផ្លូវ ក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ សម្រាប់ចក្ខុវិស័យឆ្នាំ២០២៣-២០៣៥ ផងដែរ។

លោកអភិបាលរងខេត្ដ បានឱ្យដឹងទៀតថា ខេត្តសៀមរាប គឺជាខេត្ត ដែលមានសក្តានុពលដ៏សំខាន់ទាំងផ្នែកទេសចរណ៍ វប្បធម៌បេតិកភណ្ឌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទន្ទឹមនឹងការរីកចម្រើននេះ ខេត្ត ក៏ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងទីក្រុង ដូចជា ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ការគ្រប់គ្រងប្រព័ន្ធលូ និងទឹកភ្លៀង ការកែលម្អបរិស្ថានទីក្រុង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពសេវាសាធារណៈ។
លោកបន្តថា ក្នុងន័យនេះ ការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺជាយន្តការដ៏មានសារៈសំខាន់ ក្នុងការជួយឱ្យរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋាន អាចកំណត់បញ្ហាបានច្បាស់លាស់ ការរៀបចំផែនការដោះស្រាយប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព ព្រមទាំងប្រើប្រាស់ធនធាន ដែលមានស្រាប់ឱ្យបានសមស្រប ជាពិសេស វិធីសាស្ត្រនេះនឹងរួមចំណែកលើកកម្ពស់ ការរៀបចំទីក្រុងឱ្យមានសណ្ដាប់ធ្នាប់ សោភ័ណភាព បរិស្ថានល្អមានភាពធន់ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកស្រី មីយូរ៉ា យូស្ហ៊ីកុ តំណាងជាន់ខ្ពស់នៃការិយាល័យJICA ប្រចាំនៅកម្ពុជា បានឱ្យដឹងថា សម្រាប់គម្រោងអនុវត្ដ ទីក្រុងឆ្លាតវៃដំណាក់កាលទី២នេះ ដោយរំពឹងទុកថា បានពង្រឹងបន្ថែមនូវកិច្ចសសហការពាក់ព័ន្ធ នឹងទីក្រុងឆ្លាតវៃ រវាងវិស័យរដ្ឋ និងឯកជន វិស័យសាធារណៈ វិស័យអប់រំ និងសហគមន៍។ ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់មន្រ្ដី ក្នុងការដោះស្រាយបញ្ហាទីក្រុងតាមរយៈការវិភាគបញ្ហា ការបង្កើតក្រុមការងារបច្ចេកទេស ដើម្បីរៀបផែនការ និងអនុវត្តគម្រោង និងការវាយតម្លៃលទ្ធផល។ ពង្រឹងការផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ អំពីឧត្តមានុវត្តរបស់រដ្ឋបាលខេត្ដសៀមរាប ទៅកាន់ទីក្រុងផ្សេងទៀត៕







