ដោយៈ ចំណាន
សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជំរុញការរៀបចំដែនដី និងពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបឱ្យបានត្រឹមឆ្នាំ២០២៦។
លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៦ និងទិសដៅបន្តការងារ ឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ។
លោកបានបញ្ជាក់ថា“បច្ចុប្បន្នក្រសួង និងរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ លើការងាររៀបចំដែនដី នគរូបនីយកម្ម និងការដោះស្រាយបញ្ហាសំណង់មិនរៀបរយ ព្រមទាំងជំរុញការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ជីវភាព និងសោភណភាពទីក្រុងបេតិកភណ្ឌមួយនេះ”។
លោកលាង មុនីរិទ្ធ បានជំរុញមន្ទីរ និងស្ថាប័នពាក់ព័ន្ធ ត្រូវតម្រង់ទិសលើផែនការប្រើប្រាស់ដីឃុំ នៅក្រៅតំបន់អង្គរ និងតំបន់បឹងទន្លេសាបឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើសំណង់ទាំងឡាយណា ដែលមានសភាពគ្រោះថ្នាក់ និងពន្លឿនដំណោះស្រាយ ចំពោះសំណង់មិនរៀបរយក្នុងក្រុងសៀមរាប ដោយអភិវឌ្ឍស្របតាមគោលគំនិត “បុរីជនបទ និងទ្រនំសុភមង្គល” ដើម្បីឱ្យប្រជាពលរដ្ឋមានលំនៅឋានសមរម្យ និងថ្លៃថ្នូរ។
លោកបញ្ជាក់ថា “ខេត្តសៀមរាបគឺជាទិសដៅអាទិភាពទី១ របស់ក្រសួង ក្នុងការបញ្ចប់ការងារវាស់វែង ការចេញបណ្ណ និងការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹម បំណាច់ឆ្នាំ២០២៦”។ លោកបន្តថា “បច្ចុប្បន្ន ខេត្តសៀមរាបជាខេត្ត ដែលមានក្បាលដីបានវាស់វែងរួចរាល់ច្រើនជាងគេបង្អស់ រហូតដល់ប្រមាណ៧០ម៉ឺនក្បាលដី ដែលត្រូវបន្តនីតិវិធីចេញបណ្ណជូនប្រជាពលរដ្ឋ”។
ជាមួយគ្នានេះ ក្រសួងក៏កំពុងធ្វើបច្ចុប្បន្នភាព និងទំនើបកម្មប្រព័ន្ធផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធឌីជីថល (Online) ដើម្បីឱ្យការផ្តល់សេវាកម្ម កាន់តែមានភាពឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ។
ចំណែកលោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តគាំទ្រយ៉ាងពេញទំហឹង លើគ្រប់សកម្មភាពការងារចុះបញ្ជីដីធ្លី ការរៀបចំដែនដី និងការគ្រប់គ្រងសំណង់ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព ធានាសន្តិសុខលើកកម្ពស់សិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ខេត្តឱ្យបានគង់វង្ស។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់គណៈកម្មការគ្រប់គ្រងដីរដ្ឋ គ្រប់គ្រងឱ្យបានរាល់ដីរបស់រដ្ឋ នៅក្នុងមូលដ្ឋានខ្លួន និងត្រូវពិនិត្យមើលដីណាដែលពុំទាន់បានចុះបញ្ជី ត្រូវចេញបណ្ណឱ្យបានរួចរាល់ ដោយត្រូវដោះស្រាយទំនាស់ផ្សេងៗ ដែលមានជាមួយពលរដ្ឋ និងដីរដ្ឋ។ ស្នើដល់អ្នកពាក់ព័ន្ធ ទាក់ទងទៅនឹងច្រកចេញចូលតែមួយត្រូវពិនិត្យមើលបញ្ជើថា តើទទួលបានសេវាចុះបញ្ជីចំនួនប៉ុន្មានដែរហើយសេវាជូនពលរដ្ឋបានប៉ុន្មានដែរទាក់ទងទៅ និងសេវាដែនដីអនុវត្តបានប៉ុណ្ណាផងដែរ៕







