ដោយ: សហសេវិក
អន្តរជាតិ: នៅត្រីមាសទី ៣ ឆ្នាំ ២០២៦ តម្លៃលំនៅឋានឯកជននៅប្រទេសសិង្ហបុរីបានកើនឡើងក្នុងអត្រាលឿនបំផុតក្នុងរយៈពេល ៧ ត្រីមាស ខណៈសកម្មភាពទិញបានថយចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណា សន្ទុះនៃការលក់ត្រូវបានរំពឹងថា នឹងកើនឡើងវិញនៅក្នុងត្រីមាសទី ៤ ដោយសារនឹងមានគម្រោងធំៗជាច្រើនចាប់ផ្តើមដាក់លក់នៅលើទីផ្សារ។
យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) សន្ទស្សន៍តម្លៃលំនៅឋានឯកជនបានកើនឡើង ១,៤ ភាគរយនៅត្រីមាសទី ៣ ដែលជាអត្រាកំណើនលឿនជាងត្រីមាសមុន (០,៥ ភាគរយ) និងបានរុញច្រានកំណើនតម្លៃក្នុងរយៈពេល ៩ ខែដំបូងឱ្យឡើងដល់ ២,៨ ភាគរយ។

កំណើនតម្លៃកាន់តែខ្លាំងនេះបានកើតឡើង ទោះបីជាបរិមាណប្រតិបត្តិការមានការថយចុះយ៉ាងណាក្តី ខណៈទំនុកចិត្តជាទូទៅក្នុងទីផ្សារនៅមានកម្រិត។
ការថយចុះនៃចំនួនលក់ មានភាពច្បាស់លាស់ជាពិសេសចំពោះការលក់លំនៅឋានថ្មីៗដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយនៅក្នុងត្រីមាសទី៣ មានលំនៅឋានឯកជនថ្មីចំនួន ១.១៨៣ យូនីត (មិនរាប់បញ្ចូលខុនដូប្រភេទ Executive Condominium) ត្រូវបានលក់ចេញ ដែលតួលេខនេះបានធ្លាក់ចុះ ៤៤,៧ ភាគរយ បើធៀបនឹងត្រីមាសទី២។
ក្រុមហ៊ុនទាំងនោះបានដាក់លក់លំនៅឋានចំនួន ១.១៤០ យូនីត ដែលថយចុះ ៣៦,១ ភាគរយ ធៀបនឹងចំនួន ១.៧៨៣ យូនីត នៅក្នុងត្រីមាសទី២។
ទំហំនៃការលក់លំនៅឋានសរុបសម្រាប់រយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ ២០២៦ បានកើនដល់ចំនួន១៦.៧០៧យូនីត ធ្លាក់ចុះប្រមាណ១៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕







