រដ្ឋមន្រ្តីព័ត៌មានៈ ភាពជោគជ័យ​របស់​ក្រុមហ៊ុន​មួយ​ មិនមែន​គ្រាន់​តែ​វាស់​វែង​ត្រឹម​បរិមាណ​លក់​ ប្រាក់​ចំណេញ​ទេ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ  រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា​ បានបញ្ជាក់ថា ក្នុងសេដ្ឋកិច្ចសម័យទំនើប ភាពជោគជ័យរបស់ក្រុមហ៊ុនមួយ មិនមែនគ្រាន់តែវាស់វែងត្រឹមបរិមាណលក់ ប្រាក់ចំណេញ ឬចំណែកទីផ្សារប៉ុណ្ណោះទេ តែក្រុមហ៊ុនត្រូវតែវាស់វែងផងដែរ នូវកម្រិតទំនួលខុសត្រូវរបស់ខ្លួនចំពោះអតិថិជន ចំពោះសង្គមទាំងមូល ចំពោះយុវជន ចំពោះស្ត្រី ចំពោះវប្បធម៌ជាតិ និងជាពិសេសចំពោះសុខភាពសាធារណៈ។

ក្នុងនាមជាប្រធានក្រុមការងារ គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (គ.គ.ផ.ស.) លោកនេត្រ ភក្រាបាន

បញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញបើក “យុទ្ធនាការឆន្ទៈល្អ លើកទី២” ក្រោមប្រធានបទ “បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានា ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នាសណ្ឋាគារ សុខាភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា “យើងត្រូវយល់ថា ក្នុងសេដ្ឋកិច្ចសម័យទំនើប ភាពជោគជ័យរបស់ក្រុមហ៊ុនមួយ មិនត្រូវវាស់ត្រឹមតែបរិមាណលក់ ប្រាក់ចំណេញ ឬចំណែកទីផ្សារប៉ុណ្ណោះទេ។ ត្រូវវាស់ផងដែរថាក្រុមហ៊ុននោះមានទំនួលខុសត្រូវ ប៉ុណ្ណាចំពោះអតិថិជន ចំពោះសង្គម ចំពោះយុវជន ចំពោះស្ត្រី ចំពោះវប្បធម៌ជាតិ និងចំពោះសុខភាពសាធារណៈ។ លោកបន្ថែមថា “អាជីវកម្មដែលល្អ គឺអាជីវកម្មដែលអាចរីកចម្រើន ដោយមិនផ្ទេរផលប៉ះពាល់ទៅឱ្យសង្គម”។

រដ្ឋមន្ត្រីនេត្រ ភក្ត្រា បានបន្ថែមថា ទីផ្សារដែលល្អ គឺទីផ្សារដែលប្រកួតប្រជែងដោយគុណភាព ដោយនវានុវត្តន៍ ដោយតម្លៃ និងដោយទំនុកចិត្ត មិនមែនប្រកួតប្រជែង ដោយវិធីជំរុញការប្រើប្រាស់លើសកម្រិត ឬការទាក់ទាញអ្នកប្រើប្រាស់ ដោយគ្មានព្រំដែននោះទេ។ នេះគឺជាទស្សនៈ ដែលយើងចង់កសាងនៅក្នុងយុទ្ធនាការ “ឆន្ទៈល្អ” លើកទី២នេះ។ ដូចនេះ ការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ វាគឺជាសក្ខីភាពនៃភាពជាដៃគូ និងការទទួលស្គាល់ថា ការការពារសុខុមាលភាពប្រជាពលរដ្ឋ មិនអាចជាការងាររបស់រដ្ឋាភិបាលតែឯងឡើយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រាបានឱ្យដឹងថា រាជរដ្ឋាភិបាលអាចដាក់គោលការណ៍ អាចបង្កើតបទប្បញ្ញត្តិ អាចណែនាំ និងត្រួតពិនិត្យ។ ប៉ុន្តែការផ្លាស់ប្តូរពិតប្រាកដ ត្រូវកើតឡើងនៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន នៅពេលសម្រេចយុទ្ធសាស្ត្រទីផ្សារ នៅក្នុងទីភ្នាក់ងារផ្សព្វផ្សាយ នៅក្នុងស្ទូឌីយោផលិតមាតិកា នៅលើ Page Facebook នៅលើ TikTok YouTube Telegram និងនៅតាមផ្ទាំងប៉ាណូ និងនៅលើកញ្ចក់ទូរទស្សន៍ និងបណ្តាញវិទ្យុជាដើម។

លោកនេត្រ ភក្ត្រា បានបញ្ជាក់បន្តថា ហេតុនេះ គោលដៅរបស់យើងថ្ងៃនេះ គឺបំលែងការយល់ដឹងទៅជាការអនុវត្ត បំលែងការប្តេជ្ញាចិត្តទៅជាលទ្ធផល និងបំលែងការអនុវត្តតាមច្បាប់ពីលើក្រដាស ទៅជាឥរិយាបថពិតប្រាកដក្នុងទីផ្សារ។

លោកបានសង្កត់ធ្ងន់ថា​ យើងទាំងអស់គ្នាទទួលស្គាល់ថា វិស័យឧស្សាហកម្មគ្រឿងស្រវឹង និងភេសជ្ជៈបានចូលរួមចំណែក ក្នុងសកម្ម​ភាពសេដ្ឋកិច្ច ការវិនិយោគ ការបង្កើតការងារ ចំណូលពន្ធ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ការឧបត្ថម្ភព្រឹត្តិការណ៍ និងការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។ ការទទួលស្គាល់តួនាទីនេះ គឺជាការទទួលស្គាល់ការពិត ប៉ុន្តែការទទួលស្គាល់ចំណែកវិជ្ជមានរបស់វិស័យនេះ មិនមានន័យថា យើងត្រូវមើលរំលងផលប៉ះពាល់ ដែលអាចកើតមានពីការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិត ការប្រើប្រាស់ភេសជ្ជៈមានជាតិស្ករលើសកម្រិត ឬការធ្វើទីផ្សារដែលខ្វះការទទួលខុសត្រូវនោះឡើយ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា រដ្ឋមានកាតព្វ​កិច្ចពីរដែលត្រូវធ្វើស្របគ្នាទី១៖ គាំទ្របរិយាកាសធុរកិច្ច និងការវិនិ​យោគ និងទី២៖ ការពារផលប្រយោជន៍សាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា “ការគ្រប់គ្រងដែលល្អ គឺមិនជ្រើសរើសយកមួយ ហើយបោះបង់មួយទៀតទេ។ ការគ្រប់គ្រងដែលល្អ គឺរកតុល្យភាពដែលធ្វើឱ្យធុរកិច្ចអាចរីកចម្រើន សង្គមមានសុវត្ថិភាព និងទីផ្សារមានទំនុកចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងតែបន្តពង្រឹង”។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅពេលការផ្សាយពាណិជ្ជកម្ម ប្រែក្លាយពីការផ្តល់ព័ត៌មានអំពីផលិតផល ទៅជាការជំរុញឱ្យអ្នកប្រើប្រាស់ប្រើប្រាស់ផលិតផលហួសប្រមាណ ឬប្រើវិធីទាក់ទាញដែលធ្វើឱ្យយុវជនចាប់អារម្មណ៍ នឹងការទទួលទានគ្រឿងស្រវឹង ឬប្រើប្រាស់រង្វាន់ ការផ្សងសំណាង និងសារដែលបង្កើតអារម្មណ៍ថា “ទិញកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន” នោះបញ្ហានេះលែងជាការប្រកួតប្រជែងទីផ្សារធម្មតាទៀតហើយ៕


ចែករំលែក