ដោយៈ ម៉ាណា
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Iwona Kmiecik ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយ និងការវិនិយោគរវាងកម្ពុជា និងប៉ូឡូញ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា និងប៉ូឡូញមានសក្តានុពល ក្នុងការពង្រឹងទំនាក់ទំនង តាមរយៈវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ ជាក់ស្តែង លោករដ្ឋមន្ត្រី បានគូសរំលេចថា វិស័យទេសចរណ៍អាចដើរតួនាទីជាស្ពានតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបង្កើតភាពជាដៃគូធុរកិច្ច និងឱកាសសហប្រតិបត្តិការថ្មីៗ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើម និងការវិនិយោគ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនដាក់ សំណើគម្រោងជាផ្លូវការជូនក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និងពិចារណាតាមនីតិវិធី។
ទន្ទឹមនេះ លោកហួត ហាក់ បានស្វាគមន៍គំនិតផ្តួចផ្តើមបង្កើតសភាពាណិជ្ជកម្មប៉ូឡូញនៅកម្ពុជា ដែលអាចក្លាយជាវេទិកាដ៏សំខាន់សម្រាប់តភ្ជាប់ធុរជន ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។
ដើម្បីទាក់ទាញភ្ញៀវទេសចរប៉ូឡូញ និងអឺរ៉ុបមកកម្ពុជាឱ្យបានកាន់តែច្រើន លោករដ្ឋមន្ត្រី បានស្នើឱ្យពង្រឹងកិច្ចសហការលើការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន ព្រមទាំងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ការជំរុញជើងហោះហើរជួលពិសេស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាពិសេសតំបន់កោះ តំបន់ឆ្នេរ និងគោលដៅទេសចរណ៍ដ៏សម្បូរបែបផ្សេងទៀត។
លោករដ្ឋមន្ត្រីបានបង្ហាញក្តីរំពឹងថា បេសកកម្មអភិវឌ្ឍទេសចរណ៍ និងទីផ្សារកម្ពុជា-ប៉ូឡូញ ឆ្នាំ២០២៦ នាពេលខាងមុខ នឹងរួមចំណែកពង្រីកភាពជាដៃគូរវាងវិស័យឯកជន និងបើកឱកាសថ្មីៗសម្រាប់កំណើនទេសចរណ៍ និងការវិនិយោគនៅកម្ពុជា៕







