ដោយៈ ចំណាន
ភ្នំពេញៈ លោកហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ អមដំណើរដោយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំយន្តការពិគ្រោះយោបល់ផ្លូវសមុទ្រអាស៊ាន-ចិន លើកទី១៥ (15th ACMCM) និងសិក្ខាសាលាថ្នាក់តំបន់ស្តីពីសុវត្ថិភាពនាវាចម្លង លើកទី៦ (6th ARF Workshop on Ferry Safety)។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ តាមសំណើរបស់ភាគីចិន លោកហេង សុធី ត្រូវបានផ្តល់កិត្តិយស ឱ្យបំពេញតួនាទីជាសហប្រធានកិច្ចប្រជុំ យន្តការពិគ្រោះយោបល់ផ្លូវសមុទ្រអាស៊ាន-ចិន លើកទី១៥ ខណៈលោក សួន វ៉ាន់ស ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាសហប្រធានដឹកនាំវគ្គ ក្នុងសិក្ខាសាលាស្តីពីសុវត្ថិភាពនាវាចម្លងលើកទី៦ផងដែរ។
កិច្ចប្រជុំ និងសិក្ខាសាលានេះ ជាវេទិកាដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវសមុទ្រ ក្នុងតំបន់។
ជាមួយគ្នានេះ នាព្រឹកថ្ងៃដដែល លោកអគ្គនាយក បានអញ្ជើញជួបពិភាក្សាការងារទ្វេរភាគី ជាមួយលោក Xu Wei អគ្គនាយកនៃរដ្ឋបាលសុវត្ថិភាពនាវាចរណ៍សមុទ្រចិន (China MSA)ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសុវត្ថិភាពនាវាចរណ៍ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីខែសីហា ឆ្នាំ២០២៥ ព្រមទាំងពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវសមុទ្រ រវាងប្រទេសទាំងពីរ និងបណ្តាប្រទេសសមាជិកអាស៊ាន។
ក្នុងនាមជាសហប្រធានកិច្ចប្រជុំ កម្ពុជាក៏បានសម្តែងការគាំទ្រចំពោះឯកសារ Concept Note and ToR on ASEAN-China Maritime Development Cooperation Center ផងដែរ។
ក្នុងឱកាសនោះ លោកហេង សុធី ក៏បានផ្តល់កិច្ចសម្ភាសន៍ជូនដល់បណ្តាញសារព័ត៌មាន ដោយបានលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក គម្រោងស្រាវជ្រាវបច្ចេកទេសស្តីពីប្រភេទនាវាចម្លងស្តង់ដារ (Standardized Ferry Types) និងទិសដៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត។ ការចូលរួមនេះឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕







