ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន YCH Group ដឹកនាំដោយលោកJonathan Lee នាយកគម្រោង ស្តីពីវឌ្ឍនភាពនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្ទ្រៀល ខមផ្លេកស៍ (ខេមបូឌា ស៊ូភើផត) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាព នៃការអនុវត្តគម្រោង បន្ទាប់ពីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សា អំពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទៅកាន់ទីតាំងគម្រោង ជាពិសេសការតភ្ជាប់ផ្លូវថ្នល់។
ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ ឱ្យក្រុមហ៊ុនអភិវឌ្ឍគម្រោងបន្តសិក្សា លម្អិតបន្ថែមទៀត អំពីជម្រើស និងទីតាំងសមស្របសម្រាប់ផ្លូវចូលទៅកាន់គម្រោង ដោយគិតគូរពីទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងប្រសិទ្ធភាពនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការត្រៀមខ្លួនក្នុងការសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រ និងសម្រួលដល់ដំណើរការពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ និងការងារបច្ចេកទេសលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចូលទៅកាន់គម្រោង ស្របតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន។
គម្រោងនេះ គឺជាគម្រោងដ៏មានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍវិស័យភស្តុភារកម្ម និងឧស្សាហកម្មនៅកម្ពុជា ព្រមទាំងគាំទ្រដល់ការពង្រឹងការតភ្ជាប់ពហុមធ្យោបាយ និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា៕







