ដោយៈ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវចេញពីចំការអំពៅ ក្នុងខេត្តកំពង់ស្ពឺ និងចេញពីស្រុកទឹកផុសក្នុងខេត្តកំពង់ឆ្នាំង តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៨។
លោកឿបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងពីគម្រោងនេះកាលពីពេលថ្មីៗនេះ។
លោកបានមានប្រសាសន៍ក្នុងពិធីមួយថា ដើម្បីបង្កើតច្រករបៀងសេដ្ឋកិច្ច និងការដឹកជញ្ជូន យើងកំពុងសិក្សាការតភ្ជាប់លើបណ្តាញផ្លូវសំខាន់ៗ ដើម្បីជួយលើកកំពស់សេដ្ឋកិច្ចតំបន់ ដែលការពិតយើងបានឈូសផ្លូវចេញពីតំបន់ព្រែកចាក ខេត្តកំពត ទៅតំបន់ចាំយាម នៅក្នុងខេត្តកោះកុង ដល់ទឹកដីខេត្តកោះកុងរួចហើយ។
លោកសាយ សំអាល់បានបន្តថា ការសាងសង់ផ្លូវថ្មីពីតំបន់ចំគារអំពៅ (ចំការអំពៅរបស់លោក អ្នកឧកញ៉ាលី យ៉ុងផាត់) និងផ្លូវតភ្ជាប់ពីស្រុកទឹកផុស ទៅកាន់ផ្លូវជាតិលេខ៤៨ ដើម្បីសម្រួលលំហូរចរាចរណ៍ផង លំហូរទេសចរណ៍ផង និងសម្រួលការដឹកជញ្ជូនផងដែរ៕








