ដោយៈ ចំណាន
ភ្នំពេញៈ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញបើក និងដឹកនាំកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងបរិបទពិភពលោកកំពុងបែកបាក់៖ បច្ច័យសម្រាប់កម្ពុជា (Trade, Skills and Fiscal Policy in a Fragmenting World: Implications for Cambodia)។
កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១២ វិច្ឆកានេះ បានសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC)គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (TPAB) និងធនាគារពិភពលោក (WB) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធ, មន្រ្តីជាន់ខ្ពស់និងសេដ្ឋវិទូល្បីៗនៃWB និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកជំនាញការជាតិ-អន្តរជាតិជាច្រើនរូប។
ក្នុងប្រសាសន៍បើកកិច្ចសន្ទនា គោលនយោបាយកម្រិតខ្ពស់នេះលោក វង្សី វិស្សុតបានលើកឡើងថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធពាណិជ្ជកម្មដែលបើកចំហរ តាមរយៈការចូលទៅកាន់ទីផ្សារអន្តរជាតិធំៗ ការទាញវិនិយោគផ្ទាល់ពីបរទេសការកសាងឧស្សាហកម្មនាំចេញដ៏រស់រវើក ការបង្កើតការងារ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។
លោកបានសង្កត់ធ្ងន់ថា “មូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងសកលកំពុងតែផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ហើយការសម្រេចចិត្តវិនិយោគ និងពាណិជ្ជកម្មកំពុងទទួលរងឥទ្ធិពល កាន់តែច្រើនឡើងពីកត្តាភូមិសាស្ត្រនយោបាយ ដែលកាន់តែតានតឹង និន្នាការគាំពារនិយម និងសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់”។
លោកបន្ថែមថា “ទន្ទឹមនេះការរីកចម្រើនយ៉ាងគំហុក នៃបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិម្មិត (AI) ក៏កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ខណៈបរិយាកាស និងស្តង់ដាទីផ្សារកាន់តែតឹងរឹងជាងមុន បាននាំឱ្យធ្វើពាណិជ្ជកម្មកាន់តែពិបាកជាងមុនផងដែរ”។
ក្នុងបរិការណ៍នេះ កម្ពុជាត្រូវតែបន្តរក្សាគោលនយោបាយបើកចំហ ក៏ប៉ុន្តែត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រប្រកួតប្រជែងរបស់ខ្លួន ដោយងាកមកពង្រឹងផលិតភាព ជំនាញ ភាពជឿទុក ចិត្តបាន និងសមត្ថភាពស្ថាប័នរឹងមាំ ជាជាងការពឹងផ្អែកតែទៅលើ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកម្លាំងពលកម្មតម្លៃទាបដូចមុនទៀត។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ត ចំនួន៥ គឺ៖ ការធានាឱ្យបាននូវអត្រាកំណើនមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧%។ ការបង្កើតការងារឱ្យបានកាន់តែច្រើន។ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសមត្ថភាពស្ថាប័ន និងចីរភាពនៃការអភិវឌ្ឍ។
យ៉ាងណាម៉ិញ សន្ទុះកំណើនថមថយប៉ុន្មានឆ្នាំជាប់ៗគ្នានេះ បាននិងកំពុងបង្កជាបញ្ហាប្រឈម ក្នុងការឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តខាងលើនេះ។

ពិតណាស់កម្ពុជា នឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC)នៅចុងឆ្នាំ២០២៩ ក៏ប៉ុន្តែការសម្រេចបាននូវបង្គោលចរនេះ ក៏ក្លាយជាការសាកល្បង ចំពោះសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាវិញផងដែរ ព្រោះពេលនោះកម្ពុជា នឹងលែងទទួលបាននូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដូចមុនទៀត។
ការណ៍នេះទាមទារឱ្យកម្ពុជា ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដោយមិនអាចបង្អែបង្អង់រង់ចាំបានទៀតឡើយ ជាពិសេសការខិតខំពង្រឹងនូវអ្វី ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង ដូចជាការកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច ការលើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុក និងការបង្កើនប្រសិទ្ធភាពក្នុងស្ថាប័នសាធារណៈ។
លោកវង្សី វិស្សុត បានលើកឡើងផងដែរថា បរិបទបច្ចុប្បន្នទាមទារឱ្យយើងត្រូវជជែកគ្នា អំពីវិស័យពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងកញ្ចប់តែមួយ ព្រោះវិស័យទាំងបីនេះ មានអន្តរកម្ម និងពឹងផ្អែកលើគ្នាទៅវិញទៅមក។ ជាក់ស្តែង ការវិនិយោគមិនអាចឈានទៅដល់វិស័យ ដែលមានតម្លៃបន្ថែមខ្ពស់បានឡើយ ប្រសិនបើខ្វះពលករជំនាញ តែការអភិវឌ្ឍជំនាញក៏មិនសូវបានផល ឬក៏មិនជោគជ័យដែរប្រសិនបើធុរកិច្ច មិនអាចបង្កើតការងារសមរម្យបាន ឬក៏ការប្រើប្រាស់ធនធានសាធារណៈមិនបានល្អ។
លោកបន្តថា យើងត្រូវវាស់វែងវឌ្ឍនភាព ក្នុងវិស័យពាណិជ្ជកម្មឱ្យលើសពីតួលេខនៃទំហំការនាំចេញ ពោលគឺត្រូវពិនិត្យលើកត្តាតម្លៃបន្ថែមក្នុងស្រុក (Domestic Value Added) ការចូលរួមផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតកម្ម ដោយសហគ្រាសកម្ពុជា ការផ្ទេរបច្ចេកវិទ្យា និងគុណភាពការងារផងដែរ។
ដោយឡែក ចំពោះការអភិវឌ្ឍជំនាញ កម្ពុជាត្រូវលើកកម្ពស់ និងពង្រឹងគុណភាពនៃការអប់រំ ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជំនាញកម្រិតខ្ពស់ស្របតាមតម្រូវការរបស់និយោជក និងសកម្មភាព វិនិយោគថ្មីៗ។ កិច្ចការនេះ ទាមទារឱ្យមានការសហការពីនិយោជក ដោយរាជរដ្ឋាភិបាលផ្តោត លើការតម្រង់ទិសនិងជំរុញការលើកកម្ពស់ស្តង់ដាជំនាញ ផលិត ភាព និងសមត្ថភាពរបស់កម្មករ-និយោជិត។
លោកវង្សី វិស្សុត បានបន្តថា ក្នុងទិដ្ឋភាពគោលនយោបាយសារពើពន្ធ កម្ពុជាមិនត្រឺមតែត្រូវបន្តការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឱ្យបានគត់ម៉ត់ ពិសេសត្រូវបន្តគ្រប់គ្រងស្ថានភាពបំណុលសាធារណៈឱ្យមានចីរភាព និងហានិភ័យកម្រិតទាបប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្កើនការវិនិយោគលើវិស័យអាទិភាព ដូចជាវិស័យអប់រំ សុខាភិបាល ការគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីសម្រេចមហិច្ឆតាកំណើនខ្ពស់។
ពិតណាស់យើងពិបាករកប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់ការវិនិយោគក្នុងវិស័យអាទិភាពទាំងនេះ ដោយសារប្រភពចំណូលក្នុងស្រុកនៅមានកម្រិត ខណៈប្រភពហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់កាន់តែរីងស្ងួត។
ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងក៏នៅតែអាចបង្កើនការវិនិយោគលើវិស័យអាទិភាពទាំងនេះបាន ទន្ទឹមការបន្តធានារក្សាបាននូវស្ថេរភាព និងចីរភាពនៃហិរញ្ញវត្ថុសាធារណៈ តាមរយៈ៖ (១).លើកកម្ពស់គុណភាព និងប្រសិទ្ធភាពចំណាយទាំងក្នុងកម្រិតវិភាជន៍ ទាំងក្នុងកម្រិតប្រតិបត្តិការ ពិសេសកការកាត់បន្ថយការធ្លុះធ្លាយ (២).ពង្រឹងគុណភាពនៃការកៀរគរចំណូល និង (៣).បន្តប្រកាន់ខ្ជាប់នូវវិន័យសារពើពន្ធក្នុងរយៈពេលមធ្យម រួមទាំងបន្តរក្សាឱ្យបាននូវលំហថវិកាក្នុងកម្រិតមួយសមស្រប។
លោកវង្សី វិស្សុត បានសង្កត់ធ្ងន់ថា “ការអនុវត្តជាក់ស្តែង គឺជាចំណុចផ្សារភ្ជាប់ដ៏សំខាន់បំផុត នៃវិស័យទាំងបីខាងលើនេះ ហើយកិច្ចសហការ ការសម្របសម្រួល និងភាពជាម្ចាស់របស់ក្រសួងស្ថាប័នសាមីទទួលបន្ទុក គឺជាចំណុចគន្លឹះ”។
លោកក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយនាពេលនេះ នឹងផ្តល់នូវធាតុចូលដ៏មានតម្លៃក្នុងការតម្រឹម និងកែសម្រួលទិសដៅយុទ្ធសាស្ត្រ ក៏ដូចជាអភិក្រមនៃការអនុវត្តការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែចំគោលដៅ ខ្លាំងក្លា និងមានសហថាមភាពខ្ពស់៕







