កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ផ្តល់​ផល​ចំណេញ​ចំនួន​៧​យ៉ាង​ដល់​កម្ពុជា​

ចែករំលែក

ដោយៈ សូរិយា

    ភ្នំពេញៈ ស្របពេលកម្ពុជាបានចាប់ផ្តើមស្វាគមន៍បណ្តាមេដឹកនាំ និងប្រតិភូមកពីប្រទេសប្រមាណ៩០ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលបានចាប់ផ្តើមកម្មវិធីអមបណ្តើរៗពីថ្ងៃទី១៣ ដល់ទី១៧វិច្ឆិកាខាងមុខ កម្ពុជាបានលេចត្រដែតលើឆាកអន្តរជាតិបន្ថែមទៀត។

កិច្ចប្រជុំកំពូល ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ នឹងនាំផលប្រយោជន៍ជាច្រើនដល់កម្ពុជា។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកាកន្លងមកថា ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ នឹងនាំមកនូវផលប្រយផជន៍ទាំងផ្ទាល់ និងប្រយោលជាច្រើនសម្រាប់កម្ពុជា ទី១ បង្ហាញពីកេរ្ត៍ឈ្មោះ និងការស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិជាថ្មី ទី២ ទាក់ទាញទេសចរណ៍អន្តរជាតិ ព្រោះប្រតិភូមួយចំនួនមិនធ្លាប់មកកម្ពុជា ពួកគេនឹងជួយផ្សព្វផ្សាយពីវប្បធ៌មដ៏សម្បូរបែប ពិសេសប្រាសាទអង្គរវត្តកម្ពុជា ដែលជាសម្បត្តិបេតិកភ័ណ្ឌវ​ប្បធ៌មសកលលោក។

ទី៣ នឹងទាក់ទាញចំណាប់អារម្មណ៍អ្នកធុរកិច្ចអន្តរជាតិ ​​​មកវិនិយោគកម្ពុជានាពេលអនាគត ទី៤ រាជរដ្ឋាភិបាលនឹងចុះកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូមួយចំនួន ទី៥ កម្ពុជាអាចបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងនាមជាប្រទេសកំពុងលេចឡើងយ៉ាងលឿននៅតំបន់អាស៊ី។

ទី៦ កម្ពុជាមានឱកាសប្រាប់ពិភពលោកពីថៃ “ឈ្លានពាន”កម្ពុជា ហើយអាចប្រើប្រាស់សម្លេងនេះ ដើម្បីស្វែងរកអន្តរាគមន៍ពីបណ្តាប្រទេសនានា ដើម្បីឲ្យថៃប្រគល់ទឹកដីជូនកម្ពុជាវិញ និងឲ្យជនរងគ្រោះជាជនភៀសសឹក បានវិលត្រលប់ទៅលំនៅដ្ឋានរបស់ខ្លូនវិញ។

ទី៧ បង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាល ដែលអាចរៀបចំពិធីស្វាគមន៍ សម្របសម្រូលកិច្ចប្រជុំនេះបានយ៉ាងល្អ និងប្រកបដោយភាពកក់ក្តៅបំផុត។

សមត្ថកិច្ចកម្ពុជាប្រមាណ២០,០០០នាក់ ត្រូវបាននិងកំពុងរៀបចំដាក់ពង្រាយ ដើម្បីការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងបណ្តាប្រតិភូពីប្រទេសនានាចូលរួម។

អង្គការហ្រ្វង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់) លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី) លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ )។

អង្គការOIF មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋអង្កេតការណ៍ ២៦ប្រទេស។

ប្រទេសកម្ពុជាបានក្លាយជាសមាជិក ក្នុងនាមជារដ្ឋអង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ ក្នុងសង្កាត់Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី៕


ចែករំលែក