ដោយៈ ចំណាន
ភ្នំពេញៈ កិច្ចប្រជុំកំពូលនេះ មិនត្រឹមតែជាការពាក់អាវធំ ការឡើងថ្លែងសន្ទរកថាទេ ប៉ុន្តែវាបានបង្ហាញពីសកម្មភាព កិត្យានុភាពជាតិ និងភាពរសរវើកនៃមេដឹកនាំបារាំង អេម៉ាណូអែល ម៉ាក្រុង និងស្រ្តីទី១របស់បារាំង។
បង្ហាញពីភាពសាមញ្ញ កក់ក្តៅ និងគួរឲ្យគោរពប្រធានាធិបបតីបារាំងរូបនេះ បានទទួលការគោរព ស្រលាញ់ និងអបអរសាទរពីបេះដូងដ៏កក់ក្តៅរបស់បារាំង ចំពោះប្រជាជនកម្ពុជា។
១.កសាងប្រវត្តិសាស្រ្តមិនធ្លាប់មាន
មេដឹកនាំកម្ពុជា និងបារាំង បានបង្ហាញពីព្រឹត្តិការណ៍មិនធ្លាប់មាន ដោយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន២៩ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នេះជាចំនួនកិច្ចព្រមព្រៀងច្រើនបំផុត ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានចុះហត្ថលេខាជាមួយដៃគូមួយក្នុងពេលតែមួយ។
ប្រទេសទាំងពីរក៏បានចេញសេចក្តីប្រកាស នយោបាយរួមមួយ បន្ទាប់ពីកិច្ចពិភាក្សា ដែលធ្វើឡើងស្របពេលកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០។
សម្តេចធិបតីបានឱ្យដឹងថា លោក និងលោក ម៉ាក្រុង បានកំណត់អាទិភាព សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចបានថ្លែងក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីពិធីចុះហត្ថលេខាថា “នេះគឺជាឯកត្តកម្ម សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនច្រើនជាមួយដៃគូ ក្នុងពេលតែមួយ”។
ចំណែកលោក ម៉ាក្រុង បានលើកពីការអភិវឌ្ឍវារីអគ្គិសនីជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ដែលអាចជួយកម្ពុជាពង្រឹងឯករាជ្យភាពផ្នែកថាមពល។ លោកក៏បានលើកឡើង ពីគម្រោងអភិវឌ្ឍផ្សារលក់ដុំ ដោយយកផ្សារ Rungis របស់បារាំងជាគំរូ។
ប្រធានាធិបតីបារាំងរូបនេះបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនឹងពង្រីកដល់ការស្រាវជ្រាវ ការបណ្តុះបណ្តាល និងអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិម្មិត។

២ មហាក្សត្រ និងលោកម៉ាក្រុងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោកម៉ាក្រុង និងលោកជំទាវគ្រោងនឹងបន្តនៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា។
តាមកម្មវិធី ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី និងលោក ម៉ាក្រុង នឹងយាង និងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច។

៣. ការដាក់ចេញសកម្មភាពថ្មីពីកិច្ចប្រជុំកំពូល
ថ្នាក់ដឹកនាំហ្វ្រង់កូហ្វូនី គ្រោងពិភាក្សាលើសេចក្តីសម្រេចស្តីពីការបង្ការជម្លោះ ការសម្របសម្រួល និងការស្តារឡើងវិញក្រោយវិបត្តិ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែវិច្ឆិកា ខណៈអង្គការនេះកំពុងពិចារណាពង្រឹងតួនាទីរបស់ខ្លួនក្នុងការជួយសមាជិកដោះស្រាយវិបត្តិ។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ លោក នេត្រ ភក្ត្រា បានថ្លែងថា៖ ឯកសារនយោបាយនេះ លើកកម្ពស់សន្ដិភាព សហវិជ្ជមាន កិច្ចសហប្រតិបត្ដិការសង្គម វប្បធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍសហគម។
ទីពីរ គឺសេចក្តីសម្រេចស្ដីពីស្ថានភាពវិបត្ដិ ផ្តោតលើការបង្ការជម្លោះ ការគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ការស្វែងរកច្រកចេញពីវិបត្តិ និងការគាំទ្រការស្តារឡើងវិញ និងការកសាងសន្តិភាពក្រោយវិបត្តិ។
លោករដ្ឋមន្ដ្រីបានលើកឡើងថា សេចក្តីសម្រេចនេះជាឯកសារក្នុងចំណោមឯកសារចំនួនបី ដែលត្រូវបានដាក់ជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សា និងពិចារណាអនុម័តនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូល។
ទីបីគឺសេចក្តីអំពាវនាវក្រុងភ្នំពេញ (Appel de Phnom Penh) ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជាស្តីពី ការការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌។
៤.សម្តេចធិបតីអំពាវនាវឲ្យថៃបោះបង្គោលព្រំដែនគោកឡើងវិញ
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ ម៉ឺននាក់នៅតែមិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេវិញ ហើយការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅតែជាអាទិភាព។
លោកនេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានផ្តួចផ្តើមសេចក្តីអំពាវនាវក្រុងភ្នំពេញ ដោយផ្អែកលើបទពិសោធន៍របស់ខ្លួន ក្នុងការប្រយុទ្ធតាមព្រំដែនកាលពីឆ្នាំ២០២៥។
លោកបានលើកឡើងពីការខូចខាត នៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលលោកថាបណ្តាលមកពីការឈ្លានពានប្រដាប់អាវុធខុសច្បាប់ របស់យោធាថៃមកលើកទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។
លោករំពឹងថា ឯកសារទាំងបីនឹងក្លាយជាលទ្ធផលនយោបាយសំខាន់នៃកិច្ចប្រជុំកំពូល ដែលមានប្រធានបទស្តីពីការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែង។

៥.លោកម៉ាក្រុងបញ្ជាក់ជាថ្មីពីចំណងមិត្តភាពដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ជាថ្មីពីចំណងមិត្តភាព ដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗនាពេលអនាគត។
ក្នុងជំនួបជាមួយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក ម៉ាក្រុង បានលើកឡើងពីប្រវត្តិសាស្ត្ររួមជាង១៥០ឆ្នាំ របស់ប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព អធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកបានថ្លែងថា “ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូទាំងមូល មានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជាមួយព្រះអង្គនៅរាជធានីភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ និងក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០”។
លោកបានកោតសរសើរ ចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក និងមោទនភាពរបស់ប្រជាជនចំពោះសមិទ្ធផលដែលសម្រេចបាន ខណៈប្រទេសកំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។

៦.គណៈប្រតិភូមកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកចំនួន៨១ក្នុងចំណោមសមាជិកទាំង៩០
បណ្តាប្រទេសជាសមាជិកចំនួន៩០ មានប្រទេសចំនួន៨១ បាន ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ខណៈថ្នាក់ដឹកនាំត្រៀមពិចារណា លើសំណើសុំចូលជាសមាជិក និងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការរបស់អង្គការ។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្លែងនៅថ្ងៃទី១៥ ខែវិច្ឆិកា។
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកា។ នេះជាលើកទីពីរហើយដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅទ្វីបអាស៊ី បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧។
លោក នេត្រ ភក្ត្រា បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពិធីបើកថា “នៅថ្ងៃនេះ រាជធានីភ្នំពេញ បានក្លាយទៅជាចំណុចជួបជុំនៃសំឡេងចម្រុះមកពីទ្វីបទាំងប្រាំ”។
លោកបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា មានមនុស្សចំនួន១៣៨២ នាក់ តំណាងឱ្យស្ថាប័នសារព័ត៌មាន និងអង្គភាពនានាចំនួន៣០៨ មកពីប្រទេសចំនួន៤២ បានចុះឈ្មោះដើម្បីយកព័ត៌មានពីកិច្ចប្រជុំកំពូលនេះ។
លោករដ្ឋមន្ត្រីបានថ្លែងថា ក្នុងនាមជាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជាសមាជិកអាស៊ាន កម្ពុជាចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសពង្រីកទំនាក់ទំនងរវាងអាស៊ី និងបណ្តាប្រទេសហ្វ្រង់កូហ្វូនីនៅអឺរ៉ុប អាហ្វ្រិក និងអូសេអានី៕








