ដោយៈ ចំណាន
តាខ្មៅៈ ការសាងសង់លំនៅដ្ឋាន ដែលផ្តោតលើរសនិយមខ្លួនឯង នៅជិតកន្លែងការងាររបស់ខ្លួន នៅជិតសាលារៀនរបស់កូន សមស្របសម្រាប់បែបផែនជីវិតមាននៅគម្រោងVictoria Parkland។
គម្រោងដែលផ្តោតលើការអភិវឌ្ឍដោយចីរភាពនេះ ស្វាគមន៍អតិថិជន ជាមួយជម្រើសផ្ទៃដីទំហំចាប់ពី២០គុណនឹង៣០ម៉ែត្រ ឬធំជាងនេះ តាមការចង់បាននិងលទ្ធភាពរបស់អតិថិជន។
ដោយគិតគូពីផាសុខភាពនៃការរស់នៅ ក្រុមហ៊ុនបានឌីសាញផ្លូវភ្លោះធំៗ ផ្លូវមេទំហំចាប់ទី១២ម៉ែត្រឡើងទៅ និងផ្តោតលើបរិស្ថានបៃតបសម្រាប់ទស្សនទាននៃការរស់នៅសម័យថ្មី សមស្របតាមលក្ខខ័ណ្ឌនៃការប្រែប្រួលអាកាសធាតុ។
ជាអ្នកមានបទពិសោធន៍ប្រមាណ២០ឆ្នាំ លើការកសាង ការឌីសាញគម្រោងអភិវឌ្ឍន៍ជាច្រើន លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកគម្រោងអភិវឌ្ឍន៍ទីក្រុងVictoria Parkland បានសម្លឹងទៅកាន់អនាគតប្រកបដោយភាពសុទិដ្ឋិនិយម។
លោកបានបញ្ជាក់ថា “មនុស្សជាច្រើនបានសួរខ្ញុំថា ហេតុអ្វីបានចាប់ផ្តើមគម្រោងនាពេលនេះ? ស្របពេលទីផ្សារកំពុងមានភាពតានតឹង? ចម្លើយរបស់ខ្ញុំគឺយើងមានសក្តានុពល និងឱកាសដែលអ្នកដទៃមើលមិនឃើញ”។ លោកបន្ថែមថា “នៅពេលមនុស្សទុទិដ្ឋិនិយម នៅជាមួយគ្នា ពួកគេនឹងនិយាយអំពីបញ្ហា ប៉ុន្តែនៅពេលមនុស្សសុទិដ្ឋិនិយមអង្គុយជាមួយគ្នា ពួកគេនិយាយពីឱកាស និងដំណោះស្រាយ”។

ជាមួយគ្នានេះ លោកបណ្ឌិតតេង រិទ្ធីបានលើកឡើងថា ការវិនិយោគ មិនត្រឹមតែជាការស្វែងរកគម្រោង ដែលត្រឹមត្រូវនោះទេ តែត្រូវការរកមនុស្សឬដៃគូដែលត្រឹមត្រូវ ដើម្បីកសាងអនាគតជាមួយគ្នា ហើយដៃគូដែលត្រឹមត្រូវ ត្រូវយល់ពីទីផ្សារ យល់ពីការអភិវឌ្ឍ យល់ពីរបៀបបន្លែងចក្ខុវិស័យ ទៅជាការអនុវត្តជាក់ស្តែង។
លោកបញ្ជាក់ថា “អ្វីដែលសំខាន់បំផុត ត្រូវមានការប្តេជ្ញាចិត្តរូមគ្នារយៈពេលវែង និងផ្តោតលើចក្ខុវិស័យ និងផែនការរួម”។ លោកបន្តថា “យើងកំពុងស្វែងរកដៃគូ ដើម្បីអភិវឌ្ឍន៍រួមគ្នា ខណៈកម្ពុជា គឺជាប្រទេសមានទីផ្សារមានសក្តានុពលយ៉ាងធំ ប៉ុន្តែការវិនិយោគដែលជោគជ័យ ត្រូវការលើសពីទុន ត្រូវការលើសពីទីផ្សារ ត្រូវការទំនាក់ទំនងល្អ ត្រូវការចំណេះដឹងពីដីធ្លី”។
លើសពីនេះ អ្នកអភិវឌ្ឍន៍ត្រូវការយល់ដឹងពីវប្បធ៌ម ពីទីផ្សារ ប្រតិបត្តិការអាជីវកម្ម និតិវិធីពាក់ព័ន្ធ និងយុទ្ធសាស្រ្តរយៈពេលវែង។
លោកបណ្ឌិតតេង រិទ្ធីបានបន្តថា បទពិសោធន៍នេះ មានសារសំខាន់សម្រាប់វិនិយោគិនអន្តរជាតិ ដែលត្រូវការដៃគូក្នុងស្រុក ដែលមានសមត្ថភាព មានការប្តេជ្ញាចិត្ត យល់ពីឱកាស និងការធ្វើអាជីវកម្មនៅកម្ពុជា។
គម្រោងVictoria Parkland ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានផ្ទៃដីអភិវឌ្ឈន៍សរុបទំហំ៥០ហិកតា ក្នុងនោះ៣០ហិកតា នឹងមានការអភិវឌ្ឍជាដីឡូត៍ខ្នាតវីឡា មានផ្លូវភ្លោះធំទូលាយ និងដាំដើមឈើ។
ចំណែកផ្ទៃដី២០ហិកតាទៀត នឹងត្រូវអភិវឌ្ឍន៍ជាខុនដូ អាគារពាណិជ្ជកម្ម សណ្ឋាគារ ផ្សារទំនើប និងសេវាកម្មកម្សាន្តមួយចំនួនទៀត៕







