ដោយ៖ សហាការី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងឱកាសពិធីជប់លៀងដែលមានរយៈពេលជាងមួយម៉ោង រវាងមេដឹកនាំអាស៊ាន និង លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានថ្លែងអំណរគុណដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការជួយជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ខណៈលោក ត្រាំ ក៏បានប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះផងដែរ។

យោងតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីជប់លៀងជាងមួយម៉ោងរវាងថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅប្រទេសហ្វីលីពីន គឺជាឱកាសដ៏សំខាន់ក្នុងការផ្លាស់ប្តូរ និងពង្រឹងកិច្ចសន្ទនា។ ក្នុងជំនួបនោះ សម្តេចធិបតីបានបង្ហាញការដឹងគុណចំពោះតួនាទីជួយជ្រោមជ្រែងរបស់ លោក ដូណាល់ ត្រាំ ដែលបានជួយឱ្យលេចចេញនូវសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ។
សម្តេចធិបតី បានបន្តថា ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានប្រកាសបន្តផ្តល់ការគាំទ្រ និងជួយជំរុញឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរនោះ។
គួររំលឹកថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែន និងវិវាទនានាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីឈានទៅសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព៕












