ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅកម្ពុជា ការទិញដីនៅក្នុងតំបន់ដែលមានសកម្មភាពអភិវឌ្ឍន៍ខ្លាំង អាចជាឱកាសវិនិយោគរយៈពេលវែងសម្រាប់ឆ្នាំ ២០២៦ ២០៣០ ជាពិសេសនៅក្នុងតំបន់ ដែលមានការរីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ចំនួនប្រជាជន ការងារ និងសកម្មភាពអាជីវកម្ម។
ប៉ុន្តែ អ្នកជំនាញបានណែនាំឱ្យអ្នកវិនិយោគ ផ្តោតលើកំណើនសេដ្ឋកិច្ចជាក់ស្តែង ជាជាងគ្រាន់តែការរំពឹងទុក (ឬការស្មានទុក) អំពីគម្រោងអភិវឌ្ឍន៍នានានៅថ្ងៃអនាគត។
ទស្សនវិជ្ជាវិនិយោគរបស់អ្នកជំនាញ សម្រាប់ប្រទេសកម្ពុជាគឺ៖
ត្រូវទិញដីនៅក្នុងតំបន់ ដែលមានចរន្តនៃប្រជាជន អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងដើមទុនកំពុងហូរចូល មិនមែនគ្រាន់តែទិញនៅកន្លែងណាដែលមានអ្នកអភិវឌ្ឍន៍ផ្សព្វផ្សាយលក់នោះទេ។
១. ឱកាសវិនិយោគលើដីធ្លីចំនួន ៥ កន្លែងនៅកម្ពុជា មានដូចជា ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងអរិយក្សត្រ និងតំបន់មួយចំនួនសម្រាប់ការអភិវឌ្ឍសម្រាប់លំនៅឋាន និងពាណិជ្ជកម្ម សេវាកម្មនានាដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ទោះជាយ៉ាងណា ស្ថាប័នអន្តរជាតិដូចជា IMFបន្តព្រមានពីហានិភ័យនៃទីផ្សារអចលនទ្រព្យកម្ពុជា ដែលនឹងមានដំណើរការយឺតបន្តទៀត ហេតុនេះលោកយិន លាងគង់ ដែលបានតាមដានវិស័យនេះរយៈពេល២ទសវត្សរ៍ បានលើកទឹកចិត្តឲ្យអ្នកវិនិយោគវិភាគលើសក្តានុពលទីតាំង វិភាគលំហូរសាច់ប្រាក់របស់ខ្លូន និងស្វែងរកអចលនទ្រព្យ ដែលអាចបង្កើតចំណូលបាន ជាជាងទិញរង់ចាំទទួលបានផលចំណេញ៕







