កំណាត់​ផ្លូវជាតិ​នៃ​គម្រោង​តម្លៃ​ប្រមាណ​៥០០​លាន​ដុល្លារ​ត្រៀម​បញ្ចប់​ការ​ស្ថាបនា​

ចែករំលែក

ដោយៈ ចំណាន

    បន្ទាយមានជ័យៈ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន៧០%ហើយ។

យោងតាមក្រសួងសាធារណការ និងដឹកជញញជូនបានឲ្យដឹងកាលពីថ្ងៃទី១៨ វិច្ឆិកាថា កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងសរុប ៣៥,១៤ គីឡូម៉ែត្រ កំពុងបន្តសម្រុកអនុវត្តការដ្ឋានយ៉ាងមមាញឹក ដោយសម្រេចបានវឌ្ឍនភាពការងារជារួមប្រមាណ ៧០% ហើយ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

កំណាត់ផ្លូវនេះ គឺជាកំណាត់ចុងក្រោយនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅអំឡុងឆ្នាំ២០២៧ ខាងមុខ។

ទន្ទឹមនឹងការបន្តអនុវត្តការដ្ឋាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ ដោយបើកបរក្នុងល្បឿនសមស្របដែលអាចគ្រប់គ្រងបាន គោរពស្លាកសញ្ញាចរាចរណ៍ និងការណែនាំរបស់មន្ត្រីប្រចាំការដ្ឋាន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងចូលរួមកាត់បន្ថយការហុយដី ដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ។

ជាមួយគ្នានេះ ក្រសួងសាធារណការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវ និងអ្នកធ្វើដំណើរទាំងអស់ ដែលបានផ្តល់ការយោគយល់ អធ្យាស្រ័យ និងសហការល្អ ក្នុងអំឡុងពេលអនុវត្តការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ ការចូលរួមសហការពីគ្រប់ភាគី គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏មានសារៈសំខាន់នេះ សម្រេចបានជោគជ័យ និងផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕


ចែករំលែក