ប្រតិភូខេត្តយូណាន​របស់​ចិន​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​នៅ​​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃមន្ទីរពាណិជ្ជកម្មខេត្តហូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ភាគីចិនដឹកនាំដោយលោក TAN Haoran អនុប្រធាននាយកដ្ឋាន នៃការិយាល័យតំបន់ពាណិជ្ជកម្មសេរីចិន (ហូណាន) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ទីផ្សាររវាងកម្ពុជា និងខេត្តហូណាន។

ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈប្រតិភូខេត្តហូណាន និងបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា ការរីកចម្រើននៃទំហំពាណិជ្ជកម្មទ្វេភាគី និងឱកាសទីផ្សារ ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

បន្ថែមពីនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងអំពីច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន និងបានលើកទឹកចិត្តឱ្យសហគ្រាសខេត្តហូណាន និងសហគ្រាសកម្ពុជា ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ព្រមទាំងពង្រឹងការតភ្ជាប់ធុរកិច្ចតាមរយៈជំនួបផ្គូផ្គងពាណិជ្ជកម្ម (B2B) ពិព័រណ៍ពាណិជ្ជកម្ម ការពង្រីកពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការតភ្ជាប់ភស្តុភារ។

ជាមួយគ្នានេះ លោកជំទាវក៏បានលើកទឹកចិត្ត ដល់វិនិយោគិនខេត្តហូណាន ឱ្យស្វែងយល់ពីឱកាសវិនិយោគ ក្នុងវិស័យអាទិភាពរបស់កម្ពុជា ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ការកែច្នៃកសិផល ផលិតកម្ម និងឧស្សាហកម្មគាំទ្រ។

ជាការឆ្លើយតប ភាគីគណៈប្រតិភូខេត្តហូណាន បានធ្វើបទបង្ហា​ញអំពីគោលបំណងនៃដំណើរទស្សនកិច្ច និងតំបន់ពាណិជ្ជកម្មសេរីចិន (ហូណាន) ព្រមទាំងបានសម្តែងនូវការចាប់អារម្មណ៍ ក្នុងការស្វែងរកវិនិយោគិនកម្ពុជា សម្រាប់ការនាំចូលគ្រឿងសំណង់ និងគ្រឿងចក្រ ព្រមទាំងមានចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើការកែច្នៃជ័រកៅស៊ូរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ខេត្តហូណាន និងតំបន់កណ្តាលនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕


ចែករំលែក