អភិបាល​ខេត្តកោះកុង​បង្ហាញ​អំពី​សក្តានុពល​នៃ​ការវិនិយោគ​របស់​ខេត្ត​ ដើម្បី​ទាក់​ទាញ​ការវិនិយោគ​នៅ​ប្រទេសចិន​

ចែករំលែក

ដោយ៖ ចំណាន

    ប្រទេសចិនៈ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានធ្វើបទបង្ហាញអំពីសក្តានុពលនៃការវិនិយោគ របស់ខេត្តកោះកុង ដើម្បីទាក់ទាញការវិនិយោគ ក្នុងកម្មវិធីសប្តាហ៍ នៃការផ្លាស់ប្តូរពាណិជ្ជកម្មទន្លេលឿង-ទន្លេមេគង្គ ឆ្នាំ២០២៦ នៅទីក្រុងគឺចូវ ខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ខេត្តកោះកុង គឺជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគខ្ពស់ ដោយសារមានទីតាំងភូមិសាស្ត្រអំណោយផល ធនធានធម្មជាតិដ៏សម្បូរបែប ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ព្រៃកោងកាង ប្រព័ន្ធអេកូឡូស៊ីចម្រុះ និងមានទីតាំងជាប់ព្រំដែនប្រទេសថៃ។ ខេត្តកោះកុង មានឱកាសក្នុងការទាក់ទាញវិនិយោគ ទាំងក្នុងស្រុក បរទេស ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ជលផល និងសេដ្ឋកិច្ចបៃតង ដែលអាចរួមចំណែកដល់ការ បង្កើតការងារបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តប្រកបដោយចីរភាព។

លោកជំទាវបានបញ្ជាក់ថា “ខេត្តកោះកុងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវិនិយោគិនទាំងអស់ ដែលមានបំណងចង់វុនិយោគ។ ខេត្តកោះកុង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺមានសន្តិភាព និងស្ថិរភាពពេញលេញ”។ លោកជំទាវបន្ថែមថា “ដូចនេះខេត្តកោះកុងបើកចំហរសម្រាប់អ្នកវិនិយោគគ្រប់ប្រទេស ដែលមានបំណងទៅវិនិយោគមុខជំនួញផ្សេងៗ ទាំងកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងទេសចរណ៍ យើងខ្ញុំនឹងរង់ចាំសម្របសម្រួល និងផ្តល់កិច្ច សហការជាមួយគ្រប់វិនិយោគិន ជាពិសេសវិនិយោគិនពី ប្រទេសចិន”៕


ចែករំលែក