ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ការសិក្សាថ្មីមួយបានរកឃើញថា ដំណាច់ឆ្នាំ២០១៧នេះចំនួនខុនដូនៅរាជធានីភ្នំពេញបានកើនដល់១៦០ទីតាំង និងមានផ្ទះសរុបជាង៦ម៉ឺនយូនីត។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Vtrust Appraisal ដែលបានបញ្ចប់និងផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចំនួនខុនដូនៅរាជធានីភ្នំពេញមានចំនួន១៦០ទីតាំង ក្នុងនោះ៣៣ទីតាំងបានបញ្ចប់និងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូនៅរាជធានីភ្នំពេញកើនដល់៦០៥០០យូនីត ក្នុងនោះ៨៧០០យូនីតបាននិងកំពុងប្រើប្រាស់ឬបញ្ចប់។ ក្រៅពីរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុមានខុនដូចំនួនសរុបកើនដល់១៥គំរោង និងមានផ្ទះប្រមាណ៥០០០យូនីត ដែលភាគច្រើននៃខុនដូទាំងនោះកំពុងសាងសង់។
-->
ការសិក្សាដដែលបានរកឃើញថា នៅឆ្នាំ២០១៧ខុនដូចំនួន១៨,០០០យូនីត ត្រូវបានប្រកាសលក់ក្នុងទីផ្សារជាតិ និងអន្តរជាតិ ខណៈឆ្នាំ២០១៦មានខុនដូ ចំនួន១៤,០០០យួនីតប៉ុណ្ណោះបានប្រកាសលក់។ ផ្ទុយពីនេះ ការលក់ខុនដូនៅឆ្នាំ២០១៧នេះ គិតជាមធ្យមក្នុងមួយខែលក់បាន១០០យូនីត ខណៈឆ្នាំ២០១៦ចំនួននៃការលក់មានរហូតដល់៣៨០យូនីតក្នុងមូយខែ។

ខុនដូមួយបន្ទប់គេងមានតម្លៃចន្លោះពី៦០,០០០ ទៅ១០០,០០០ដុល្លារ ខុនដូពីបន្ទប់គេងមានតម្លៃចន្លោះពី១៣០,០០០ទៅ១៥០,០០០ដុល្លារ និងខុនដូបីប ន្ទប់គេងមានតម្លៃចន្លោះពី២៥០,០០០ទៅ៣០០,០០០ដុល្លារអាមេរិក។
ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន VTRUST Appraisal លោក ហ៊ឹម សីហា បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ធ្នូនេះថា ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏ទីផ្សារនេះមិនមានសញ្ញា ហានិភ័យណាមួយនោះទេ ផ្ទុយទៅវិញវាបង្កើតឲ្យមានភាពទាក់ទាញទៅវិញ ព្រោះដើម្បីឆ្លើយតបតម្រូវការនាពេលអនាគត ប៉ុន្តែអ្វីសំខាន់គឺអ្នកវិនិយោគ ត្រូវធ្វើយ៉ាងណាឲ្យគំរោងទាំងនោះសាងសង់ចប់។ កុំឲ្យមានការផ្អាកសាងសង់ ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនទាន់បានរកឃើញគំរោងណាគាំងកណ្តាលទីទៀតទេ។
លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPLបានថ្លែងថា ចំនួនខុនដូនៅកម្ពុជាមិនមានបញ្ហាទីផ្សារនោះទេ ព្រោះខុនដូនៅកម្ពុជាមិនបានស្មើ២០ភាគរយ ធៀបនឹងប្រទេសជិតខាងនៅឡើយទេ ហេតុនេះអ្វីដែលត្រូវធ្វើ គឺការវិនិយោគថ្មីៗបន្ថែមទៀតកាន់តែច្រើនកាន់តែល្អ ព្រោះទីផ្សាររបស់យើងមិនមែនជាទីផ្សាររបស់កម្ពុជាតែមួយនោះទេ តែជាទីផ្សារសម្រាប់អាស៊ានទាំងមូល ដែលមានប្រជាជនរហូតដល់ជាង៦៣០លាននាក់៕