ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ធនាគារគូកមីនកម្ពុជាភីអិលស៊ី សហការជាមួយធនាគារឯកទេសវីង បានចាប់ដៃគ្នាដើម្បីផ្តល់សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េ មកកម្ពុជា ខណៈដែលពលករខ្មែរធ្វើការនៅប្រទេសកូរ៉េកំពុងកើនឡើង។
លោក អោក វ៉ាន់ដា អនុប្រធានធនាគារកូកមីនកម្ពុជាភីអិលស៊ីបានប្រាប់ឲ្យដឹង បន្ទាប់ពីក្នុងពិធីចុះកិច្ចព្រមព្រៀងសហការជាមួយធនាគារឯកទេសវីងកាលពីម្សិលម៉ិញនេះថា ក្នុងមួយឆ្នាំសម្រាប់ការផ្ទេរប្រាក់របស់ពលករខ្មែរនៅកូរ៉េ ផ្ញើរមកកាន់កម្ពុជាមិនតិចជាង២០លានដុល្លារទេ ដូច្នេះហើយធនាគារគូកមីន ក៏សម្រេចស្វែងរកអ្វីដែលថ្មី និងផ្តល់ភាពងាយស្រួលដល់អតិថិជន ហើយពេលថ្មីៗនេះធនាគារដោយមានភាពជឿជាក់ទៅលើភាពជាដៃគូ និងកិច្ចសហការគ្នាជាមួយធនាគារវីង ដែលធ្វើឲ្យមានសេវាកម្មវេរលុយពីប្រទេសកូរ៉េខាងត្បូងមកកាន់កម្ពុជា កាន់តែមានភាពងាយស្រួល ចំណាយត្រឹម១០នាទី និងចំណាយតិចហើយមានសុវត្ថិភាពខ្ពស់ក្នុងការផ្ញើរ និងផ្តល់ភាពងាយស្រួលដល់អ្នកដកប្រាក់អាចដកបាននៅសាខាណាមួយរបស់វីងបាន។
នាយកទទួលបន្ទុកផ្នែកការផ្ទេរប្រាក់ ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង លោកសុធី សុវិត្យាបានមានប្រសាសន៍ថា ធនាគារទាំងពីរមានសេចក្តីរីករាយ ក្នុងការធ្វើការជាមួយគ្នា។ ពួកយើងស្វះស្វែងរកដំណោះស្រាយ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងជួយធ្វើអោយជីវភាពរបស់ពួកគេប្រសើរឡើង ស្របពេលប្រជាជនខ្មែររស់នៅក្រៅប្រទេសកំពុងតែកើនឡើង និងយល់អំពីតម្លៃនៃសេវាកម្មទូទាត់ តាមប្រព័ន្ធមកកាន់មនុស្សជាទីស្រលាញ់ដែលរស់នៅស្រុកកំណើត”។
លោកបន្តថា “ការវេលុយនេះគឺមានសុវត្ថិភាពខ្ពស់បំផុត ព្រោះយើងមានប្រព័ន្ធត្រឹមត្រូវ ទោះជាវេរលុយពីកូរ៉េមកស្រុកខ្មែរក៏ពិតមែន តែមានភាពងាយស្រួលដូចវេលុយក្នុងស្រុក” ។លោកបន្តថា “ពលករខ្មែរនៅកូរ៉េវេតាមធនាគារ គូកមីនកម្ពុជា ភីអិលស៊ី ហើយមកបើកនៅវីងក្នុងស្រុកខ្មែរ។
ការផ្ញើរប្រាក់កាន់តែងាយស្រួល ដោយចំណាយពេលត្រឹមតែ១០នាទី រវាងប្រទេសទាំង២ ការផ្ញើរប្រាក់គឺលឿនសុវត្ថិភាពងាយស្រួល ជាមួយតម្លៃសមរម្យចាប់ពី2.5$ ឡើងទៅ ៕