តើ​គួរ​វិនិយោគ​អចលនទ្រព្យ​មុន​ការបោះឆ្នោត ឬទេ?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេល​កៀក​នឹង​ការបោះឆ្នោត​ទាំង​អ្នក​ក្នុងស្រុក និង​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ភាគច្រើន សុ​ទ្ឋ​តែ​សម្តែង​ការព្រួយបារម្ភ ទាក់ទង​នឹង​ស្ថានភាព​នេះ ដូច្នេះ​សំណួរ​សំខាន់​នាពេលនេះ​គឺ តើ​គួរ​វិនិយោគ​ឬ​អត់​ក្នុង​វិស័យ​អចលនទ្រព្យ​ឬទេ​នៅ​មុនពេល​បោះឆ្នោត?។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់ Propertyarea.asia នា​ព្រឹក​ថ្ងៃទី២៧ ធ្នូ​នេះ​ថា ក្នុងស្ថានភាព​បែបនេះ មាន​មនុស្ស​មួយចំនួន​និយាយថា ការទិញ​លក់​អចលនទ្រព្យ​មាន ភាពស្ងប់ស្ងាត់ ប៉ុន្តែ​សម្រាប់​អ្នកមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មិនឃើញ​មាន​អ្វី​ស្ងប់ស្ងាត់​នោះទេ។ តែ​ក្នុងពេល​កៀក​នឹង​ការបោះឆ្នោត​មកដល់ អ្នក​ចង់​ទិញ​អចលនទ្រព្យ​មាន​ចំនួន​តិច ហើយ​មាន​អ្នក​ចង់ល​ក់មាន​ច្រើន ដែល​នេះ​ជា​ឳ​កាស​សម្រាប់​អ្នកមាន​លុយ​សុ​ទ្ឋ​ទិញ​សម្រាប់​វិនិយោគ ហើយ​ពួកគេ​អាច​ទិញ​បាន​ក្រោម​តម្លៃ​ទីផ្សារ​ពី២០ ទៅ៣០ភាគរយ។

លោក​បន្តថា “ក្នុងស្ថានភាព​ពេលនេះ សម្រាប់​អ្នកមាន​លុយ​សុ​ទ្ឋ គួរ​វិនិយោគ ប៉ុន្តែ​អ្នក​ខ្ចីលុយ​ធនាគារ និង​ដក​លុយ​ពី​អាជីវកម្ម​មក​វិនិយោគ​មិនគួរ​ធ្វើ​នោះទេ។លោក​បន្តថា “ការទិញ​អចលនទ្រព្យ​ក្នុងកំឡុងពេល​នេះ មិនអាច​លក់បាន​ភ្លាម​ទេ វា​ត្រូវការ​រយៈពេល​ពីរ​ឆ្នាំ ដែល​អាច​រក​ផលចំណេញ​បាន​មួយ​គុណ​នឹង​ពីរ ឬ​ចំណេញ៥០ភាគរយ។

លោក​គីម ហ៊ាង​បាន​បន្តថា ប្រសិនជា​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ក្នុងពេលដែល​ស្ថានភាព​ទិញ លក់​មាន​តម្រូវ​ការល្អ ការទិញ និង​លក់​ចេញ​វិញ​មិន​ចំណាយពេល​យូរ​ទេ ប៉ុន្តែ​បើ​ទិញ​កំឡុងពេល​បោះឆ្នោត ជា​ពេលដែល​មិនសូវមាន​អ្នកទិញ​ច្រើន ហេតុនេះ​វា​ត្រូវការ​ពេលវេលា​ដើម្បី​លក់​ចេញ​បាន។

តើ​ធ្វើ​ដូចម្តេច ដើម្បី​ដឹងថា​អចលនទ្រព្យ​មួយ​មានតម្លៃ​ក្រោម​ទីផ្សារ? លោក​គីម ហ៊ាង​បាន​ផ្តល់យោបល់​ឲ្យ​អ្នកវិនិយោគ ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អចលនវត្ថុ​ជំនាញ និង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដើម្បី​ឲ្យ​ពួកគេ​វាយតម្លៃថា អចលនវត្ថុ​នោះ​ពិតជា​មានតម្លៃ​ក្រោម​ទីផ្សារ ហើយ​ការពិគ្រោះ​យោបល់ មិនមាន​ការគិត​តម្លៃ​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here