ដំណឹងរីករាយៈវិស័យហិរញ្ញវត្ថុសម្រេចបានវឌ្ឈនភាពគ្រប់ផ្នែក

0

​ដោយ វុត្ថា
​ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុកម្ពុជា ដែលជាសរសរស្តម្ភយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ កំពុងមានការរីកចម្រើនគ្រប់ផ្នែកក្នុងឆ្នាំ២០១៧ដែលទើប​បញ្ចប់កាលពីពេលថ្មីៗនេះ។

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០១៨នេះថា គោលនយោបាយរូបិយវត្ថុត្រូវបានអនុវត្តប្រកបដោយភាពប្រុងប្រយ័ត្ន បត់បែន និងមានសង្គតិភាពជាមួយគោលនយោបាយសារពើពន្ធ ហើយបានរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ។ អត្រាប្តូរប្រាក់ត្រូវបានរក្សាឱ្យមានស្ថិរភាពក្នុងរង្វង់៤.០៥០រៀល ក្នុងមួយដុល្លារអាមេរិក ហើយអត្រាអតិផរណាជាមធ្យមនៅឆ្នាំ២០១៧ មានកម្រិតទាបអាចគ្រប់គ្រងបាន ប្រមាណ២,៩ភាគរយ។

ក្រៅពីនេះ ប្រព័ន្ធធនាគារនៅកម្ពុជាសម្រេចបានការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងមានស្ថិរភាព។ ប្រព័ន្ធធនាគារក៏ត្រូវបានពង្រឹងភាពធន់ នឹងហានិភ័យសន្ទនីយភាព ដោយបានបង្កើនគុណភាព និងកម្រិតសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គោលការណ៍តម្លាភាព ការប្រកួតប្រជែងដោយសមភាព និងកិច្ចការពារអតិថិជន ក៏ត្រូវបានលើកកម្ពស់ផងដែរ។

ជាមួយគ្នានេះនៅឆ្នាំ២០១៧ វិស័យធនាគារបានបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនពេញវ័យបន្ថែមប្រមាណ ៦០ ម៉ឺននាក់ ដែលធ្វើឱ្យអត្រាបរិយាប័ន្នហិរញ្ញវត្ថុកើនដល់ ៥៦% ស្មើនឹងចំនួនប្រជាជនពេញវ័យប្រមាណ ៦,២ លាននាក់។ ធនាគារពិភពលោកបានផ្តល់ចំណាត់ថ្នាក់ទី៧ដល់កម្ពុជា ជាប្រទេសដែលមានភាពងាយស្រួលជាងគេលើពិភពលោកក្នុងការទទួលបានហិរញ្ញប្បទាន។

ធនាគារជាតិនៃកម្ពុជាក៏បានចេញសេចក្តីជូនដំណឹងចំពោះការទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយរូបិយវត្ថុ Crypto Currencies ដោយហេតុថាCrypto Currencies ជាឧបករណ៍ថ្មីមិនមានការគ្រប់គ្រ​ង​ច្បាស់លាស់ ដូច្នេះអាចនាំមកនូវហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់ និងអាចជាមធ្យោបាយមួយក្នុងការសម្អាតប្រាក់។

ធនាគារជាតិនៃកម្ពុជាបានកសាង និងគ្រោងនឹងសម្ពោធបើកដំណើរការជាផ្លូវការសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ នាដើមឆ្នាំ២០១៨នេះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here