ដោយ : វុត្ថា
ភ្នំពេញ ៖ ក្រៅពីប្រទេសចិន ជប៉ុន បារាំង និងប្រទេសផ្សេងទៀត ដែលមានមហិច្ឆិតាវិនិយោគនៅក្នុងខេត្តព្រះសីហនុកន្លងមកនេះ ពេលនេះ សហរដ្ឋអាមេរិកដែលជាប្រទេសមហាយក្សសេដ្ឋកិច្ចនៅលើពិភពលោក បានបង្ហាញមហិច្ឆិតារបស់ខ្លួនចូលរួមវិនិយោគលើវិស័យអាទិភាពសំខានន់ចំនួន ៣ នៅក្នុងខេត្តនេះផងដែរ។
លោក MICHAEL NEWBILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជានៅក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៦ ម្សិលមិញនេះ គឺគោលបំណងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត ។
លោកបន្តថា គោលបំណងដែលមកទស្សនកិច្ចនេះ គឺចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មានដូចជា ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ២.ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា ទី៣.មានបំណងនាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើវិស័យថាមពលអគ្គិសនីនៅខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសស្វាគមន៍ចំពោះលោក MICHAEL NEWBILL ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងតាមរយៈវត្តមាន នឹងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ គាំទ្រគ្នាក្នុងការរក្សាឱ្យបាននូវដំណើរការសុខសន្តិភាពនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទងឱ្យកាន់តែល្អប្រសើរ។
លោកបន្តថា រដ្ឋបាលខេត្តមានផែនការអភិវឌ្ឍទីក្រុងព្រះសីហនុ ឱ្យទៅទីក្រុងវៃឆ្លាត (Smart City) នាពេលអនាគត។ ជាមួយគ្ននេះ សហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើសកម្មភាពការងារសមយុទ្ធ រវាងកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានជួយឧបត្ថម្ភគាំទ្រ សាងសង់ និងជួសជុលអគារធ្វើការនៅមូលដ្ឋានសមុទ្រ និងការងារសង្គមមួយចំនួននៅក្នុងក្រុងព្រះសីហនុ ។
លោកអភិបាលខេត្ត ក៏បានស្នើដល់ស្ថានទូតអាមេរិកជួយជម្រុញដល់ក្រុងស៊ីអាថុល បន្តទំនាក់ទំនងជិតស្និទ្ធ និងរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរ ។លោកក៏បានស្នើសុំស្ថានទូតអាមេរិកជួយផ្តល់ជំនួយអភិវឌ្ឍធនធានមនុស្ស និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអាមេរិក មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះខេត្តព្រះសីហនុមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ ។
លោកអភិបាលបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកបានជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងនោះមានសាងសង់ និងជួសជុលសាលារៀន បន្ទប់ទឹកសិស្ស ជីកអណ្ដូងទឹកជាដើម គាំទ្រដល់វិស័យសុខាភិបាល ក្នុងនោះរួមមាន សង់អាគាររង់ចាំនៅមណ្ឌលសុខភាព និងបំពាក់បរិក្ខារពេទ្យ ។
ចំពោះវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានជួយបញ្ជាទិញទំនិញជាច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយនឹងក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ និងទទួលបាននូវជំនួយមនុស្សធម៍ មានដូចជាការពិនិត្យព្យាបាលជំងឺទូទៅ និងព្យាបាលវះកាត់ភ្នែកចំនួន ២លើក៕