ភ្នំពេញ៖ អ្នកវិនិយោគិនក្នុងស្រុកស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រកែច្នៃកៅស៊ូ ហើយស្នើសុំដូច្នោះ ខណៈបច្ចុប្បន្នកម្ពុជា សម្រុកនាំចេញកៅស៊ូទៅកាន់ប្រទេសជិតខាងលក់ក្នុងតម្លៃថោក។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានថ្លែងប្រាប់ នៅថ្ងៃទី១៦ ខែកញ្ញានេះថា ចំពោះអ្នកវិនិយោគិនខ្មែរចង់ឲ្យមានការបង្កើតរោងចក្រកែច្នៃកៅស៊ូពិសេសវត្ថុធាតុដើមរបស់ខ្លួន ដែលផលិតបានហើយមិនមានរោងចក្រកែច្នៃ និងនាំចេញទៅកាន់ប្រទេសជិតខាងមានប្រទេសវៀតណាម និងប្រទេសថៃនៅពេលដែលកម្ពុជា មិនមានរោងចក្រកែច្នៃនៅឡើយនោះ។
លោកឧកញ៉ា បានបន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញគួរតែធ្វើធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគិន បង្កើតរោងចក្រកែច្នៃកៅស៊ូ និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត។
-->
លោកឧកញ៉ា បានបន្ថែមទៀតថា ប្រទេសកម្ពុជា គួរតែធ្វើឲ្យដូចប្រទេសវៀតណាម និងប្រទេសថៃទៅ ទើបជំរុញឲ្យកសិករអាចដាំកៅស៊ូ បានច្រើនអាចនាំចេញទៅផ្ទាល់ទីផ្សារអ្នកបញ្ជាទិញតែម្តង។
ចំណែក លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានលើកឡើងថា ក្នុងនាមអ្នកវិនិយោគក្នុងស្រុកស្នើសុំឲ្យរាជរដ្ឋាភិបាលជួយកាត់បន្ថយពន្ធនាំចេញកៅស៊ូក្រោម ១៥០០ ដុល្លារក្នុង១តោន ហើយបញ្ហាសព្វថ្ងៃនេះបើសិនជាបិទចំការកៅស៊ូនោះកម្មកររាប់ម៉ឺននាក់នឹងបាត់បង់ការងារធ្វើ។ លោក បានបញ្ជាក់ទៀតថា បើសិនជារដ្ឋអនុញ្ញាតឲ្យនាំកៅស៊ូមិនទាន់កែច្នៃអាចនាំចេញបានគឺល្អប្រសើរ ហើយបញ្ហានេះ បើសិនជាធ្វើបានអាចជួយសង្គ្រោះវិស័យកៅស៊ូអាចរស់ឡើងវិញបាន។
សម្រាប់ យោងតាមអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា កម្ពុជានឹងនាំចេញកៅស៊ូកើនឡើងជិត ២០ម៉ឺនតោន ហើយទីផ្សារនាំចេញកៅស៊ូដ៏ធំរបស់កម្ពុជាមាន ចិន វៀតណាម និងប្រទេសម៉ាឡេស៊ី។
នៅឆ្នាំ២០១៧ តម្លៃកៅស៊ូ ដែលកសិករបានលក់កាលពីសប្តាហ៍មុនៗនេះ មានតម្លៃកើនពី ១៩៥០ដុល្លារ កើនដល់ ២៤០០ ដុល្លារក្នុង១ តោន ហើយទីផ្សារកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់ធ្វើឲ្យអ្នកវិនិយោគដាំដុះកៅស៊ូ និងប្រជាកសិករដាំកៅស៊ូមានទឹកចិត្តស្រស់ថ្លាជាងមុន៕