អ្នក​វិនិយោគិន​ខ្មែរ ចង់​ឲ្យ​មានការ​បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ

0

ភ្នំពេញ៖ អ្នក​វិនិយោគិន​ក្នុងស្រុក​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទាញ​អ្នកវិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ ហើយ​ស្នើសុំ​ដូច្នោះ ខណៈ​បច្ចុប្បន្ន​កម្ពុជា សម្រុក​នាំចេញ​កៅស៊ូ​ទៅកាន់​ប្រទេសជិតខាង​លក់​ក្នុង​តម្លៃថោក។

លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​ថ្លែងប្រាប់ នៅ​ថ្ងៃទី១៦ ខែកញ្ញា​នេះ​ថា ចំពោះ​អ្នក​វិនិយោគិន​ខ្មែរ​ចង់​ឲ្យ​មានការ​បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ​ពិសេស​វត្ថុធាតុដើម​រប​ស់​ខ្លួន ដែល​ផលិត​បាន​ហើយ​មិនមាន​រោងចក្រ​កែច្នៃ និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​មាន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​នៅពេលដែល​កម្ពុជា មិនមាន​រោងចក្រ​កែច្នៃ​នៅឡើយ​នោះ។

លោក​ឧកញ៉ា បាន​បន្តទៀតថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​គួរតែ​ធ្វើ​ធ្វើយ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគិន បង្កើត​រោងចក្រ​កែច្នៃ​កៅស៊ូ និង​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត។

លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា គួរតែ​ធ្វើ​ឲ្យ​ដូច​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ទៅ ទើប​ជំរុញ​ឲ្យ​កសិករ​អាច​ដាំ​កៅស៊ូ បាន​ច្រើន​អាច​នាំ​ចេញទៅ​ផ្ទាល់​ទីផ្សារ​អ្នកបញ្ជា​ទិញ​តែម្តង។

ចំណែក លោក តាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុង​ឫទ្ធី​គ្រុប បាន​លើកឡើងថា  ក្នុងនាម​អ្នកវិនិយោគ​ក្នុងស្រុក​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​កាត់​បន្ថយពន្ធ​នាំចេញ​កៅស៊ូ​ក្រោម ១៥០០ ដុល្លារ​ក្នុង១តោន ហើយ​បញ្ហា​សព្វថ្ងៃនេះ​បើសិនជា​បិទ​ចំការកៅស៊ូ​នោះ​កម្មករ​រាប់ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ។ លោក បានបញ្ជាក់​ទៀតថា បើសិនជា​រដ្ឋ​អនុញ្ញាត​ឲ្យ​នាំ​កៅស៊ូ​មិនទាន់​កែច្នៃ​អាច​នាំចេញ​បាន​គឺ​ល្អប្រសើរ ហើយ​បញ្ហា​នេះ បើសិនជា​ធ្វើបាន​អាចជួយ​សង្គ្រោះ​វិស័យ​កៅស៊ូ​អាច​រស់​ឡើងវិញ​បាន។

សម្រាប់ យោងតាម​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា កម្ពុជា​នឹង​នាំចេញ​កៅស៊ូ​កើនឡើង​ជិត ២០ម៉ឺន​តោន ហើយ​ទីផ្សារ​នាំចេញ​កៅស៊ូ​ដ៏​ធំ​របស់​កម្ពុ​ជាមាន ចិន វៀតណាម និង​ប្រទេស​ម៉ាឡេស៊ី។

នៅ​ឆ្នាំ២០១៧ តម្លៃ​កៅស៊ូ ដែល​កសិករ​បាន​លក់​កាលពី​សប្តាហ៍មុនៗនេះ មានតម្លៃ​កើន​ពី ១៩៥០ដុល្លារ កើន​ដល់ ២៤០០ ដុល្លារ​ក្នុង១ តោន ហើយ​ទីផ្សារ​កាន់​តែមាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ដាំ​ដុះ​កៅស៊ូ និង​ប្រជាកសិករ​ដាំ​កៅស៊ូ​មាន​ទឹកចិត្ត​ស្រស់ថ្លា​ជាង​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here