ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើគោលនយោបាយសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលសេដ្ឋកិច្ចកម្ពុជានៅតែត្រូវបានព្យាករណ៍ថា នឹងមានកំនើនរ៉ឹងមាំនិងសុខភាពល្អ សម្រាប់រយៈពេលមធ្យមបន្តទៀតស្រប ពេលអត្រាភាពក្រីក្រនៅប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងលឿនកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីត្រួតពិនិត្យលើរបាយការណ៍នៃវឌ្ឈនភាពសេដ្ឋកិច្ចកម្ពុជាក្រោមអធិបតីភាព លោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកឆាយ ថនរដ្ឋមន្រ្តីក្រសួងផែនការកាលពីម្សិលម៉ិញនេះបានរកឃើញថា ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាកំណើនសេដ្ឋកិច្ចមួយដែលមានលក្ខណៈរឹងមាំ កម្ពុជាអាចរក្សាក្នុងអត្រាកំណើន៧ភាគរយ ខណៈដែលផលិតផលក្នុងស្រុក សរុបរបស់ប្រជាជនម្នាក់បានកើនឡើង។ ចំណែកអត្រានៃភាពក្រីក្របានធ្លាក់ចុះ ដោយស្របគ្នានឹងការវាយតម្លៃរបស់ធនាគារពិភពលោក។
យោងតាមរបាយការណ៍ពាក់កណ្តាលអាណតិ្តឆ្នាំ២០១៦ ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨” គឺជាការបូកសរុបលទ្ធផលការងាររបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល បន្ទាប់បានអនុវត្តអស់រយៈពេលជាងកន្លះអាណត្តិនេះ។ គោលបំណងនៃការរៀបចំរបាយការណ៍នេះ គឺដើម្បីបង្ហាញនិងឆ្លុះបញ្ចាំឱ្យឃើញច្បាស់ពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋកម្ពុជា នូវអ្វីដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសន្យា និងកំណត់យ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានាតាមនីតិកាលនីមួយៗ ។ ចំពោះវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបានកំណត់បញ្ហាប្រឈម និងការដាក់ចេញវិធានការដោះស្រាយបន្ត ក៏ដូចជាការត្រៀមច្របាច់បញ្ចូលបញ្ហា ដែលនៅសេសសល់ទាំងនេះ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព អភិវឌ្ឍជាក់ស្តែង ។
បើផ្អែកតាមរបាយការណ៍ពាក់កណ្តាលអណត្តិនេះ សម្រាប់លទ្ធផលនៃកិច្ចខិតខំ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជាគឺសម្រេចបានកំណើនសេដ្ឋកិច្ចមួយដែលមានលក្ខណៈរឹងមាំ ប្រកបដោយនិរន្តរភាពក្នុងអត្រាកំណើន ៧ភាគរយ ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៤ ហើយកំណើននេះនៅតែបន្តរឹងមាំក្នុងរយៈពេលមធ្យមខាងមុខ។ ចំណែកផលិតផល ក្នុងស្រុកសរុបរបស់ប្រជាជនម្នាក់បានកើនឡើងពី១.១៣៨ដុល្លារអាមេរិកនៅឆ្នាំ២០១៤ ទៅ១.៤២៩ដុល្លារអាមេរិកនៅក្នុងមួយឆ្នាំនៅឆ្នាំ២០១៧ និងអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី២១,១ភាគរយក្នុងឆ្នាំ២០១០ មកនៅ១៣.៥ភាគរយនៅឆ្នាំ២០១៤ ហើយកម្រិតនៃការធ្លាក់ចុះនេះ សម្រេចបានលឿនជាងចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលបានកំណត់នៅត្រឹម ១៩,៥ភាគរយ ឆ្នាំ២០១០ និង ១៣,៨ភាគរយក្នុងឆ្នាំ២០១៨ ។
ការធ្លាក់ចុះអត្រាភាពក្រីក្រនៅកម្ពុជា មានភាពស្របគ្នានឹងការវាយតម្លៃរបស់ធនាគារពិភពលោក ដោយបានប្រកាសកាលពីឆ្នាំ២០១៥កន្លងទៅថា កម្ពុជាបានចាកផុតពីភាពក្រីក្រតោកយ៉ាក និងបានចាត់ជាប្រទេសដែលមានវឌ្ឍនភាពល្អជាងគេក្នុងតំបន់ នៅក្នុងការងារកាត់បន្ថយភាពក្រីក្ររបស់ខ្លួន៕