ដោយ វុត្ថា
សៀមរាបៈ ប្រទេសក្នុងមហាអនុតំបន់មេគង្គ (GMS) បានបង្ហាញការគាំទ្រគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញទេសចរណ៍ ពីប្រទេសមួយទៅប្រទេសមួយទៀត សំដៅរួមចំណែកជំរុញ លំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំងទេសចរកម្ពុជា និងទេសចរក្នុងតំបន់ GMS ព្រមទាំងទេសចរមកពីប្រទេសទីបី។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំ ក្រុមការងារទេសចរណ៍លើកទី៤៤ នៃប្រទេសក្នុងមហាអនុតំបន់មេគង្គនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះនៅខេត្តសៀមរាប ដែលមានការចូលរួមពីមន្ត្រីក្រសួងទេសចរណ៍ ប្រទេសជាសមាជិក GMS និងដៃគូរអភិវឌ្ឍនានា។
លោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំកានៃក្រសួងទេសចរណ៍បានឱ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីស្ថាប័នទេសចរណ៍ជាតិ នៃប្រទេសជាសមាជិក GMS ដៃគូរអភិវឌ្ឍមកពី ADB, ASEAN-China Center, ASAEN Korea Center, ASEAN Japan Center, Luxembourg Development PATA, Mekong Institute, Tourism Authority of Thailand (TAT) និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន៧៣នាក់។
លោកបន្តថា កិច្ចប្រជុំបានឯកភាពអនុវត្តន៍ បន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នា លើផែនការសកម្មភាពរួម ២០២០-២០២៥ ដូចជា ទី១ ជំរុញលំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំងទេសចរកម្ពុជា និងទេសចរក្នុងតំបន់ GMS ព្រមទាំងទេសចរមកពីប្រទេសទីបី មកទស្សនាប្រទេស GMS ទី២ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ទី៣ ជំរុញការអភិវឌ្ឍវិស័យទេសចណ៍ នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ទី៤ ការអភិវឌ្ឍធនធានមនុស្សទេសចរណ៍ ទី៥ ការគាំទ្រគ្នាក្នុងការជំរុញការវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំង៦។ ទី៦ អង្គប្រជុំក៏បានឯកភាពដាក់បញ្ជូលនូវសកម្មភាពថ្មីៗ ក្នុងផែនការសកម្មភាពរួម (Join Action Plan) និងទី៧ ការសម្របសម្រួលក្នុងការធ្វើដំណើរក្នុងតំបន់ GMS។
លោកទិត ចន្ថាបានបន្ថែមថា កិច្ចប្រជុំក៏ទទួលបាននូវការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានាលើការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ក្នុងការតភ្ជាប់នៃបណ្តាប្រទេសក្នុងតំបន់ GMS។
កាលពីឆ្នាំ២០១៨ ប្រទេស GMS ទទួលបានទទួលភ្ញៀវ ទេសចរអន្តរជាតិចំនួន ៦៧,៦១៤,៩២២លាននាក់ ក្នុងនោះទេសចរកម្ពុជាមានចំនួន ៦.២នាក់៕