ដោយ គង់ សូរិយា
ភ្នំពេញ៖ អាថ៌កំបាំងបានបញ្ចេញច្បាស់លាស់ហើយ ដោយការសាងសង់អាគារកំពស់៦០០ម៉ែត្រ ដែលបានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងសាងសង់នៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកសេង ឡូតបានឲ្យបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន Royal Group ដែលជាម្ចាស់សណ្ឋាគារកាំបូឌីយ៉ាណា នឹងសាងសង់អាគារកំពស់៦០០ម៉ែត្រ ស្មើនឹង១៣៣ជាន់នាពេលខាងមុខនេះ។ អាគារសណ្ឋាគារកាំបូឌីយ៉ាណា នឹងត្រូវកម្ទេចចោលហើយជំនួសវិញ ដោយអាគារកំពស់៦០០ម៉ែត្រ ដែលលោកមិនដឹងពីការចាប់ផ្តើម ការចំណាយទុនវិនិយោគ និងការបញ្ចប់ការសាងសង់នៅពេលណានៅឡើយទេ។
-->

ព៌តមាននេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមស្តីពី ការលុបចោលការសាងសង់អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Bunrong Twin Tower ដែលស្ថិតនៅជាប់សណ្ឋាគារនេះ អាចក្លាយជាការពិត ខណៈអ្នកឌីសាញគំរោង Thai Bunrong Twin Tower លោកសាស្រ្តាចារ្យទួស សាភឿន មិនបានតបនឹងការសុំអត្ថាធិប្បាយជាច្រើនដង។

គេហទំព័រ Propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីលោកសេង ឡូតបាននោះទេ បន្ទាប់ពីលោកបានបង្ហើបព៌តមាននេះប្រាប់ដល់កាសែតភ្នំពេញប៉ុស្ត៍រួចមក។

ក្រុមហ៊ុន Royal Group អាចចាត់ទុកជាក្រុមហ៊ុនយក្សមួយ នៅក្នុងស្រុក ដែលបានវិនិយោគលើវិស័យជាច្រើន ដូចជា វិស័យទូរគមនាគមន៍នាំមុខគេ វិស័យសោតទស្សន៍ វិស័យធានារ៉ាប់រង វិស័យបដិសណ្ឋារកិច្ច វិស័យហិរញ្ញវត្ថុជាដើម ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបានលើកស្លាក ដើម្បីសាងសង់អាគារពាណិជ្ជកម្មភ្លោះកំពស់៦១ជាន់ ដាក់ឈ្មោះ Royal One, ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ៕










